(បន្ទាយមានជ័យ)៖ លោក សេរី កុសល អ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ បានអំពាវនាដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រឹព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា។
ការអំពាវនាវបែបនេះរបស់លោក សេរី កុសល បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញក្នុងពិធីបុណ្យអភិសេកព្រះពុទ្ធរូបអង្គធំ ក្នុងទីអារាមវត្តមុនីសាគរ (ហៅវត្តរហាល) ដែលស្ថិតនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៣នេះ។
ក្នុងនោះ លោកបណ្ឌិត ឈឹម វាសនា ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមយុវជនទិសអាគ្នេយ៍ និងមានវត្តមានលោក លោកស្រីដែលជាទីប្រឹក្សារាជរដ្ឋាភិបាល ជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។ ដោយឡែកមានការនិមន្ត និងអញ្ជើញចូលរួម ព្រះសង្ឃ តាជី យាយជី សិស្សានុសិស្ស សមាជិក សមាជិកាសមាគម បងប្អូនប្រជាពលរដ្ឋ មហាពុទ្ធបរិស័ទ ជិតឆ្ងាយប្រមាណជាង៥០០អង្គ/នាក់ ក្នុងខេត្តបន្ទាយមានជ័យ។
ពិធីនេះបានប្រព្រឹត្តធ្វើឡើងប្រកបដោយភាពសប្បាយរីករាយ និងមានការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយភាពកក់ក្តៅយ៉ាងក្រៃលែង លោក សេរី កុសល បានលើកឡើងថាទាំងអស់នេះ កើតចេញឡើងបានដោយសារតែប្រទេសជាតិមានសុខសន្តិភាព ទើបមានការអភិវឌ្ឍសព្វគ្រប់បែបយ៉ាង ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយកិត្តិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចលោកបានលះបង់យកសាច់ស្រស់ ឈាមស្រស់ ដើម្បីប្តូរយកសុខសន្តិភាពមួយនេះជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល៕