(កណ្តាល)៖ លោក លឹម គានហោ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចាត់ឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា បន្តចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងអស់។
នាឱកាសចុះផ្សព្វផ្សាយគោលនយោបាយបក្ស និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមផ្ទះ, ក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងអស់ បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ទន្ទឹមនឹងនោះ ក្រុមការងារទាំងអស់ ក៏បានសុំការគាំទ្របន្ថែមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង ទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍកសាងសមិទ្ធផលនានាបន្ថែមទៀត ទៅលើសមិទ្ធផលជាច្រើនរាប់មិនអស់ របស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះក្រុមការងារ ក៏បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបកាប់សម្លាប់ ដែលដឹកនាំដោយបនប្រល័យពូជសាសន៍ ប៉ុល ពត។
ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាព ពេញលេញ ដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕