(កណ្តាល)៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកស្អាង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវបេតុងប្រវែងជាង ៣គ.ម នៅឃុំតាលន់ ស្រុកស្អាង។

ឆ្លើយតបនឹងសំណើ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានប្រកាសអំពីការកសាងផ្លូវបេតុងមានប្រវែងជិត ១គ.ម បន្ថែមទៀត ស្ថិតនៅក្នុងភូមិព្រែកស្លែង ឃុំតាលន់ ដែលនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

បន្ទាប់មក លោកឧបនាយករដ្ឋមន្ត្រី បានបន្តដំណើរទៅសំណេះសំណាលជាមួយសមាជិកបក្ស នៅស្នាក់ការគណបក្សឃុំតាលន់ ដែលមានអ្នកចូលរួមប្រមាណជាជិត ៥០០នាក់។

លោក ញឹម ខេមរា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាលន់ បានធ្វើរបាយការណ៍សង្ខេបនូវសមិទ្ធិផលសំខាន់ៗមួយចំនួន នៅក្នុងឃុំតាលន់នេះ ដែលកើតចេញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង ក្រោមការដឹកនាំរបស់លោកឧបនាយកដ្ឋមន្ត្រី ដែលជាប្រធានក្រុមការងារ ដូចខាងក្រោម៖

* ពីឆ្នាំ២០១៨ ដល់ ២០២៣នេះ ឃុំតាលន់ បានទទួលនូវសមិទ្ធិផលជាច្រើន ដែលក្នុងនោះ បានកសាងផ្លូវរួចរាល់ចំនួន ៩ខ្សែ មានប្រវែងជាង ១៣គ.ម និងផ្លូវបេតុងចំនួន ៣ខ្សែ មានប្រវែងជាង ៩គ.ម ព្រមទាំងបានឧបត្ថម្ភដល់ការសាងសង់អគារសិក្សា វត្តអារាម ផ្តល់រថយន្តសង្រ្គោះ ១គ្រឿង និងផ្តល់ឧបករណ៍-បរិក្ខាពេទ្យមួយចំនួនទៀត ជូនដល់មណ្ឌលសុខភាពឃុំ។

* ប្រជាពលរដ្ឋនៅឃុំតាលន់ បានសំដែងនូវភាពរីករាយយ៉ាងខ្លាំង ដោយបានមើលឃើញពីការអភិវឌ្ឍយ៉ាងច្រើននៅក្នុងមូលដ្ឋាន ក្រោមការដឹកនាំរបស់ លោកឧបនាយកដ្ឋមន្ត្រី។

ក្នុងពិធីនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានសំណេះសំណាលជាមួយសមាជិកបក្ស ដោយពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្អាងទាំងអស់ ជាពិសេសសមាជិកបក្សដែលបានចូលរួមនៅថ្ងៃនេះ។

លោកថ្លែងថា ការជួបជុំគ្នានៅថ្ងៃនេះ គឺជាផ្នែកមួយនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានរយៈពេល ៣សប្តាហ៍ ដែលត្រូវបានបើកយុទ្ធនាការឃោសនាបោះឆ្នោតដំបូងនៅថ្ងៃទី០១ កក្កដា កន្លងមកនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានសំដែងនូវភាពរីករាយ ដែលបានមកជួបជុំសមាជិកបក្ស ដែលសុទ្ធសឹងជាក្បាលម៉ាស៊ីនដ៏ឆ្នើម ដ៏សកម្មបំផុត មុះមុតអង់អាច និងដ៏ស្មោះស្ម័គ្ររបស់គណបក្សប្រជាជនកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានជឿជាក់យ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជានឹងបន្តឈ្នះ នៅក្នុងការបោះឆ្នោតនៅថ្ងៃទី២៣ កក្កដា នេះ ដោយសារតែសមាជិកបក្សបានសំដែងនូវការជឿជាក់លើការដឹកនាំ និងលើអ្វីដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានកន្លងមក ជាពិសេសការរក្សាបាននូវសន្តិភាព ឯកភាពជាតិ សាមគ្គីភាព លទ្ធិប្រជាធិបេតេយ្យ ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិយើង។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា សម្រាប់ស្រុកស្អាង មកទល់ពេលនេះមានសមាជិកថ្មីជាង ៨ម៉ឺននាក់ហើយ បានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា មានឈាមជ័រជាអ្នកបម្រើប្រទេសជាតិ បម្រើប្រជាជនកម្ពុជា បម្រើផលប្រយោជន៍ និងការពារប្រយោជន៍របស់ប្រទេសជាតិ ការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី ការពារសន្តិភាពនិងស្ថិរភាព និងបង្ក លក្ខណៈគ្រប់យ៉ាងដល់ការអភិវឌ្ឍ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នូវសារសំខាន់ និងតម្លៃមិនអាចកាត់ថ្លៃបានរបស់សន្តិភាព ដែលជាសមិទ្ធិផលដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ហើយយើងបានទទួលបានរយៈពេល ២៥ឆ្នាំកន្លងមកនេះ តាមរយៈការអនុវត្តគោលនយោបាយឈ្នះៗរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសមាជិកបក្សបន្តខិតខំធ្វើជាអ្នកនាំមុខ ក្នុងការឃោសនារកសំលេងឆ្នោត និងកៀរគរបងប្អូន សាច់ញាតិ និងក្រុមគ្រួសាររបស់ខ្លួនឱ្យទៅបោះឆ្នោត និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ កក្កដា ខាងមុខ។

ក្រោយពីបញ្ចប់កម្មវិធីខាងលើ លោកឧបនាយករដ្ឋមន្ត្រី បានបន្តដំណើរអញ្ជើញសំណេះសំណាលជាមួយសមាជិកបក្ស នៅតាមមណ្ឌលសកម្មភាពបក្ស នៅក្នុងភូមិចំនួន ៣ នៃឃុំស្វាយប្រទាល គឺភូមិចុងកោះគរ, ភូមិបារ៉ែនលើ និងភូមិបារ៉ែនក្រោម៕