(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសាររំលែកទុក្ខជូនលោក រស់ សម័យ និងក្រុមគ្រួសារចំពោះមរណភាពលោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សាររំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនលោក រស់ សម័យ និងក្រុមគ្រួសារមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរូបខ្ញុំផ្ទាល់ មានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៤:៥០នាទីព្រឹក ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយឯកឧត្ដម ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ភរិយា ម្តាយ ជីដូន ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាការបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរូបដែលបានលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើវិស័យសិល្បៈ វប្បធម៌ ដែលជាគំរូវីរភាពនិងជាគុណបំណាច់របស់លោកជំទាវចំពោះបុព្វហេតុបម្រើជាតិមាតុភូមិ។

ទោះបីរូបកាយរបស់លោកជំទាវ ម៉ិញ កុសនី បានបាត់បង់ទៅមែនពិត ប៉ុន្តែវីរភាព កិត្តិយស សេចក្ដីថ្លៃថ្នូរភាពអំណត់តស៊ូក្នុងការងារនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តស្វាមី កូន ចៅ មិត្តភ័ក្រ្តរួមការងារ និងញាតិជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក និងតជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ ម៉ិញ កុសនី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

សូមជំរាបថា លោកស្រី ម៉ិញ កុសនី គឺជាវីរៈសិល្បការិនី ដែលជាតួឯកផ្នែកអង្គនាង ប្រចាំព្រះបរមរាជវាំងទស្សវត្សរ៍ ៦០-៧០៕