(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុន ទ្រី ភាព អ៉ីមផត អិចផត សាខាស្រុករវៀង ខេត្តព្រះវិហារ បានទទួលដំណើរចុះកម្មសិក្សាស្វែងយល់ពីការងារបច្ចេកទេសមុខជំនាញវិទ្យាសាស្ត្រកសិកម្មពីក្រុមហ៊ុន ទ្រី ភាព ទាំងផ្នែកចំការកៅស៊ូ និងផ្នែករោងចក្រកែច្នៃជ័រកៅស៊ូ។
ពិធីស្វាគមន៍និស្សិត និងលោកគ្រូអ្នក គ្រូទាំងអស់ នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលមានការអញ្ជើញចូលរួមពីសំណាក់លោក ទ្រី ដាលុច បេក្ខជនតំណាងរាស្ត្រនីតិកាលទី៧, លោក ហេង សំណាង អគ្គនាយករងក្រុមហ៊ុន ទ្រី ភាព អ៉ីមផត អិចផត សាខាស្រុករវៀង ខេត្តព្រះវិហារ និងក្រុមការមួយចំនួនទៀត។
លោកនាយកវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលបានឱ្យដឹងថា ដោយមើលឃើញពីទស្សនវិស័យ និងជាក្រុមហ៊ុនដ៏ល្បីដែលផ្តោតទៅលើវិស័យកសិកម្ម-កសិឧស្សហកម្ម ទើបនិស្សិតទាំងអស់មានការចាប់អារម្មណ៍មកធ្វើកម្មសិក្សា ដើម្បីស្វែងយល់ និងដកស្រង់នូវបទពិសោធន៍ពីវិស័យកសិកម្មនេះ និងផ្សារភ្ជាប់ទ្រឹស្ដីដែលបានសិក្សានៅក្នុងមហាវិទ្យាល័យកន្លងមក ពិសេសសិក្សាជាក់ស្តែងផ្តោតលើផលិកម្មដំណាំកៅស៊ូ និងសំណាំផ្សេងៗទៀតនិងលើខ្សែរចង្វាក់ផលិតកម្មកែច្នែជ័រកៅស៊ូក្រែបជាដើម។
លោក ហេង សំណាង អគ្គនាយករងក្រុមហ៊ុន ទ្រី ភាព អ៉ីមផត អិចផត បានឱ្យដឹងថា ក្រុមហ៊ុនទ្រី ភាព អ៉ីមផត អិចផតសាខា ស្រុករវៀង ខេត្តព្រះវិហារ វិនិយោគលើដីសម្បទានសេដ្ឋកិច្ច ដាំដុះ ដំណាំ កសិឧស្សាហកម្ម-កៅស៊ូ លើផ្ទៃដីសរុបចំនួន ៥,៨៤០ហិកតា (ដីរដ្ឋ ៤៨០០ហិកតា)។
ក្រុមហ៊ុនមានសមត្ថភាពផលិតកៅស៊ូក្រែប បាន ៧៥០តោន/ខែ។ ក្រុមហ៊ុនបានផ្តល់ការងារជូនដល់បុគ្គលិក កម្មករជំនាញ កម្មករចៀរជ័រ សរុបប្រមាណ ១២០០នាក់។
លោក ទ្រី ដាលុច បានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ ដែលមានការចាប់អារម្មណ៍ចំពោះក្រុមហ៊ុនចំការកៅស៊ូ ទ្រី ភាព នៅតំបន់ព្រះវិហារនេះ។ លោកបានសំណូមពរឱ្យប្អូនៗនិស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសដកស្រង់បទពិសោធន៍ការងារល្អៗពីវិស័យកសិកម្មនៅទីនេះ ដើម្បីយកទៅអនុវត្តក្នុងការសិក្សា និងក្នុងការងារនាពេលខាងមុខ។
លោកក៏បានជម្រាបទៅនិស្សិតទាំងអស់ពីគោលដៅ និងទស្សនវិស័យរបស់ក្រុមហ៊ុនក្រុមហ៊ុនចំការកៅស៊ូនេះ គឺក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្ម-កសិឧស្សាហកម្ម ដំណាំកៅស៊ូ ក្នុងការកែច្នៃជ័រ ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្ដល់ការងារដល់ពលរដ្ឋកម្ពុជាជាច្រើនអ្នកផងដែរ។
បន្ទាប់ពីការបង្ហាញអំពីវឌ្ឍនភាពនិងភាពរីកចម្រើនរបស់ក្រុមហ៊ុនរួចហើយនោះ ក្រុមហ៊ុនក៏បានអញ្ជើញ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ ទស្សនកិច្ចស្វែងយល់ នៅរោងចក្រកែច្នៃកៅស៊ូ,ទស្សនៈកិច្ចស្វែងយល់ចំការកៅស៊ូ, របៀបនៃការប្រមូលផលកៅស៊ូ,កន្លែងជៀរជ័រកៅស៊ូ និងរបៀបបង្កាត់ពូជកៅស៊ូជាដើម។
សូមជម្រាបថា កម្មសិក្សារបស់និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលនេះ មានរយៈពេល២ខែ។ រាល់ការចំណាយរបស់និស្សិតទៅលើហូបចុក ការស្នាក់នៅ ក្រុមហ៊ុន
ចំការកៅស៊ូ ទ្រី ភាព ជាអ្នកទទួលខុសត្រូវសម្រាប់និស្សិតទាំងអស់។ នៅពេលខាងមុខក្រុមហ៊ុន នឹងទទួលនិស្សិតផ្សេងៗទៀតដែលមានបំណងចង់មកស្វែងយល់ ចុះកម្មសិក្សាពីដំណើរការកសិកកម្ម-កសិឧស្សាហកម្មនៅក្រុមហ៊ុន ទ្រី ភាព នេះ ជាបន្តបន្ទាប់ទៀត៕