(សៀមរាប)៖ លោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រោមម្លប់នៃសន្តិភាព ប្រទេសកម្ពុជាសម្រេចបានសមិទ្ធិផលថ្មីៗជាច្រើន លើមាគ៌ានៃការអភិវឌ្ឍប្រទេសជាតិ។ សន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីគ្នាយ៉ាងរឹងមាំជុំវិញ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ការលើកឡើងឡើងបែបនេះរបស់លោកបណ្ឌិត ស៊ាន បូរ៉ាត បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS សាខាខេត្តសៀមរាប ជាង២ពាន់នាក់ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាសៀមរាប។
លោកបានថ្លែងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាស្ថាបនិកមគ្គុទ្ទេសក៍ឯកនយោបាយ ឈ្នះ ឈ្នះ បានបង្រួបបង្រួមខ្មែរគ្រប់និន្នាការនយោបាយ។ ការអនុវត្តនគោលយោបាយឈ្នះឈ្នះបានជោគជ័យ បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសប្រែក្លាយតំបន់សមរភូមិប្រយុទ្ធទៅជាតំបន់អភិវឌ្ឍន៍។
លោកបណ្ឌិត ស៊ាន បូរ៉ាត បានបន្តថា កម្ពុជាបានប្រែក្លាយជាប្រទេសមួយដែលពិភពលោកបានទទួលស្គាល់ ក្នុងភាពជាដៃគូដោយស្មើភាព និងស្មើសិទ្ធិចូលរួមទប់ស្កាត់ដោះស្រាយវិបត្តិ ជាសកលដូចជា៖ ការកើនឡើងនូវកំដៅ បំរែបំរួលអាកាសធាតុ ភូមិសាស្ត្រនយោបាយ ការទប់ស្កាត់ការរីកសាយភាយនៃឧក្រិដ្ឋកម្មឆ្លងដែន ជំងឺរាតត្បាត និងបញ្ហាប្រឈមនានា ការថែរក្សាសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងតំបន់ដោះស្រាយការប្រកួតប្រជែង ដណ្តើមភូមិសាស្រ្តនយោបាយ យោធា សេដ្ឋកិច្ច និងបច្ចេកវិទ្យា និងបានបំពេញតួនាទី ភារកិច្ច ក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាពសកលលោក និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មផ្សេងៗ។
លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានលើកឡើងថា និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសាខាខេត្តសៀមរាប នាពេលនេះមានចំនួនសរុប ២.១៤១ នាក់ ( នារី ១.២០៩ នាក់ )។ តាមលទ្ធផល នៃការធ្វើអង្កេតបានបង្ហាញថា ក្នុងចំណោមនិស្សិតជ័យលាភីទាំង២.១៤១នាក់ អ្នកមានការងារធ្វើ មានចំនួន២.០៩៥ នាក់ ស្មើនឹង ៩៧,៨៥% រួមមានកម្រិតបរិញ្ញាបត្ររងចំនួន ១១៣ នាក់ ស្មើ ៩៦,៥៨%, កម្រិតបរិញ្ញាបត្រចំនួន ១,៨៨៦ នាក់ ស្មើ ៩៧,៩៧% កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៩៦ នាក់ ស្មើ ៩៦,៩៧%។ អតីតនិស្សិតនៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា មួយចំនួនបាន និងកំពុងបំពេញការងារ និងមុខតំណែងសំខាន់ៗ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន រួមមានជាអ្នកតំណាងរាស្រ្ត រដ្ឋលេខាធិការ អនុរដ្ឋ-លេខាធិការ អគ្គនាយក អគ្គនាយករង អភិបាលរងខេត្ត ប្រធាន/អនុប្រធាននាយកដ្ឋាន ចៅក្រម មេធាវី ប្រធាន/អនុប្រធានមន្ទីរ អភិបាល/អភិបាលរងក្រុង ស្រុក ខណ្ឌ អគ្គនាយកក្រុមហ៊ុន នាយក/នាយករង សាលារៀន ជាសាស្រ្តាចារ្យ និងគ្រូបង្រៀនផងដែរ។
លោកបណ្ឌិត មាស បូរ៉ា បានបន្តថា បើគិតទាំងនិស្សិតជ័យលាភីពេលនេះផង ចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ ដល់ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ និស្សិតគ្រប់កម្រិត បានបញ្ចប់ការសិក្សាដោយជោគជ័យ ពីសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាសរុបចំនួន៥០.៣៤៦ នាក់(នារី១៦.៧៥៨នាក់ស្មើ៣៣,២៨%) ក្នុងនោះសាខាខេត្តសៀមរាបមានចំនួន ៦.៩៧៩ នាក់(នារី ២.៨៤៩ នាក់ស្មើ៤០,៨២ % )។ ទន្ទឹមនឹងនេះដែរ និស្សិតកំពុងសិក្សាគ្រប់កម្រិត គ្រប់ទីតាំង និងសាខាសរុបចំនួន១១.៧៤៧នាក់ (នារី៥.៧៨៨នាក់ស្មើ៤៩.២៧%) សាខាខេត្តសៀមរាបមានចំនួន ២.៥៨៧នាក់ ( នារី ១.៣៣៩នាក់ ស្មើ ៥១,៧៥% ) ដែលកំពុងខិតខំសិក្សាស្រាវជ្រាវរៀនសូត្រផង និងបានរួមចំណែកយ៉ាងសកម្មជាមួយសាកលវិទ្យាល័យក្នុងការចូលរួមសកម្មភាពសង្គមតាមរយៈសកម្មភាពយុវជនរបស់ ស.ស.យ.ក សកម្មភាពយុវជនកាយឫទ្ធិកម្ពុជា និងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា។
លោកបណ្ឌិត ស៊ាន បូរ៉ាត បានលើកឡើងថា ជ័យលាភីថ្ងៃនេះ គឺជាធនធានថ្មីបន្ថែមទៀតសម្រាប់សាខាសាកលវិទ្យា ល័យ ឯកទេស នៃកម្ពុជា សម្រាប់ខេត្តសៀមរាបក៏ដូចជាសង្គមជាតិទំាងមូល ដែលលទ្ធផលសម្រេច បាននៅថ្ងៃនេះ មានឫសគល់ចេញពីប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងប្រទេសជាតិតាំងពីបាតដៃទទេ ចេញពីគំនរផេះផង់ ចាប់ពីថ្ងៃរំដោះ៧ ខែមករា ឆ្នាំ១៩៧៩ «ដៃម្ខាងកសាងដៃម្ខាងការពារ»។ គិតមកដល់ពេលនេះ មាន រយៈពេល៤៤ឆ្នាំមកហើយដែលប្រទេសយើងឆ្លងកាត់ដំណាក់កាលលំបាក ខ្វះខាតទាំងធនធានមនុស្ស សម្ភារ ថវិកា និង បច្ចេកទេស៕