(ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងសិក្សា និងរស់នៅខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញនូវទស្សនៈ និងការយល់ឃើញរបស់ពួកគាត់ពាក់ព័ន្ធយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ និងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

តាមរយៈវីដេអូដែលត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសទាំងអស់ បានយល់ឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកំណត់នូវជោគវាសនារបស់ប្រទេសជាតិ ហើយចាំបាច់បំផុតដែលប្រជាពលរដ្ឋត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងការជ្រើសរើសមេដឹកនាំប្រទេស តាមរយៈការបោះឆ្នោតនេះ។

បើទោះបីនៅក្រៅប្រទេសយ៉ាងណាក្ដី ពួកគាត់បានរំលឹក និងជំរុញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិសេសអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយមិនត្រូវជឿតាមការញុះញង់អុចអាលរបស់ជនអគតិមួយក្ដាប់តូចនោះឡើយ។

ពួកគាត់បានអះអាងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ហើយមិនដែលរត់ចោលប្រជាពលរដ្ឋម្ដងណាឡើយ។ មួយវិញទៀត គណបក្សប្រជាជនកម្ពុជា ជាអ្នកស្វែងរកសុខសន្ដិភាព និងការអភិវឌ្ឍប្រទេស ដូច្នេះហើយត្រូវបោះឆ្នោតបន្ដគាំទ្រគណបក្សប្រជាជនកម្ពុជា បន្ដគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ដ្រីនាពេលអនាគត៕

សូមស្ដាប់ការលើកឡើងរបស់ប្រជាពលរដ្ឋដែលរស់នៅខេត្តហៃណា ប្រទេសចិន ដូចខាងក្រោម៖