(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានយកថវិកាផ្ទាល់ខ្លួនរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុហត្ថលើផ្ទៃប្រទេស ផ្តល់ជូនដល់គ្រួសារសពលោកវរសេនីយ៍ត្រី អ៊ុយ អឿង ជាយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ចំនួន ៥លានរៀល រួមនឹងថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន ១លាន ៥សែនរៀល សរុប ៦លាន៥សែនរៀល។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានចូលរួមសម្តែងនូវរមណៈទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី អ៊ុយ អឿង ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រលប់ចោលប្រពន្ធ និងកូន បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបន្តថា នាយឧត្តមសេនីយ៍ សៅ សុខា តែងតែគិតគូរពីសុខទុក្ខជីវភាពរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ ជាពិសេសបេីទោះបីជាអាវុធហត្ថសោធននិវត្តន៍ទទួលមរណៈភាពក៏ដោយ ក៏នាយឧត្តមសេនីយ៍ សៅ សុខា នៅតែយកចិត្តទុកដាក់ជួយជាថវិកាផ្ទាល់ខ្លួនចូលរួមបុណ្យសពផងដែរ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ត្រី អ៊ុយ អឿង ទទួលមរណៈភាពនៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដោយរោគាពាធ នៅភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕