(ស្ទឹងត្រែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានចុះជួបសាកសួរសុខទុក្ខ និងពិនិត្យមើលការលក់ដូររបស់បងប្អូនអាជីករ និងប្រជាពលរដ្ឋ នៅក្នុងផ្សារស្ទឹងត្រែង ប្រកបដោយភាពសប្បាយរីករាយ ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ត្រី លក់ពោតស្ងោ លក់បន្លែ និងប្រជាពលរដ្ឋដែលអញ្ជើញមកទិញឥវ៉ាន់ នៅផ្សារផងដែរ។
ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានពិនិត្យមើលការសាងសង់ផ្សារស្ទឹងត្រែងថ្មី ដែលកំពុងដំណើរការសាងសង់ ដែលមានលក្ខណៈធំទូលាយ និងរឹងមាំជាងមុន។
សូមជម្រាបថា នៅរសៀលថ្ងៃទី២៦ ខែកក្កដាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់ផ្សារស្ទឹងត្រែង និងតូបលក់ដូរជូនអាជីវករឡើងវិញ និងប្តូរឈ្មោះទៅជា «ផ្សារសាមគ្គីស្ទឹងត្រែង» ដោយផ្សារនេះអនុញ្ញាតឲ្យបងប្អូនអាជីវករ ប្រកបរបររកស៊ីទទួលទាន អស់មួយជីវិត តកូនតចៅ ដោយមិនចាំបាច់បង់ប្រាក់នោះឡើយ គ្រាន់តែបង់ពន្ធ និងភាស៊ីផ្សារប៉ុណ្ណោះ។
គួររំលឹកថា ផ្សារស្ទឹងត្រែង ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានត្រូវអគ្គិភ័យលេបត្របាក់គ្មានសល់ កាលពីម៉ោង១០៖៤៥នាទី យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦៕