(កំពង់ឆ្នាំង)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការយល់ច្បាស់ពីតម្លៃ ហើយចូលរួមលើកកម្ពស់សុខភាពសិក្សា គឺជាចលករអាទិភាពឆ្ពោះទៅសម្រេចគោលដៅ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ការថ្លែងបែបនេះរបស់លោកស្រីបណ្ឌិត សឿ សុជាតា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលលោកស្រី បានជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីសុខភាពសិក្សា និងបន្សីផែនការប្រតិបត្តិប្រចាំឆ្នាំ និងផែនការសកម្មភាពសុខភាពសិក្សានៅតាមគ្រប់ស្ថាប័ន នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមជាមន្រ្តីពីខេត្ត ក្រុង ស្រុកទាំង៨ មន្ទីរការិយាល័យជំនាញពាក់ព័ន្ធជុំវិញខេត្តកំពង់ឆ្នាំង និងកងកម្លាំងប្រដាប់អាវុធ ដែលចំនួនជិត ១០០នាក់។
លោក រិន សាវ៉េត អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តួចផ្តើមកសាងគោលនយោបាយស្តីពីសុខភាពសិក្សា ហើយគោលនយោបាយជាតិស្តីពីសុខភាពសិក្សា ចូលរួមចំណែកជួយដល់ប្រជាជនខេត្តកំពង់ឆ្នាំង បានឆ្លងផុតគ្រោះភ័យបង្កដោយជំងឺកូវីដ១៩ ផ្តល់ចំណេះដឹងដល់កុមារ បរិស្ថានតាមគ្រប់គ្រឹះស្ថានសិក្សាមានការអភិវឌ្ឍបានកាន់តែល្អប្រសើរតាមទិសដៅគ្រឹះស្ថានសិក្សា១ ជាតំបន់សុវត្ថិភាព១។
ក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន, លោកស្រីបណ្ឌិត សឿ សុជាតា បានបន្ថែមថា ក្រោមម្លប់សន្តិភាពនិងការដឹកនាំប្រកបដោយបញ្ញាញ្ញាណរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គោលនយោបាយជាតិស្តីពីសុខភាពសិក្សាត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាធរមាន នាខែមេសា ឆ្នាំ២០១៩ និងបានកំណត់ជាយន្តការគ្រប់គ្រងការប្រតិបត្តិទាំងនៅថ្នាក់ជាតិ រាជធានី ខេត្ត ខណ្ឌ ស្រុក ឃុំ សង្កាត់ រោងចក្រ សហគ្រាស ព្រមទាំងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនគ្រប់កម្រិតភូមិសិក្សាហើយមនុស្សទាំងអស់អាចមានលទ្ធភាពក្លាយជាពលរដ្ឋសកម្មរបស់ជាតិ ជាពលរដ្ឋសកលបាន ចាំបាច់ត្រូវមានសុខភាពល្អ។ មនុស្សមានសុខភាពល្អបានទាល់តែមនុស្សស្គាល់ពីតម្លៃសុខភាព និងយល់ច្បាស់ពីវិធានថែរក្សាសុខភាព ព្រមទាំងចេះស្រឡាញ់សុខភាពរបស់ខ្លួនឯង និងរបស់មនុស្សជុំវិញខ្លួន។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត សឿ សុជាតា បានបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០ កម្ពុជាចាំបាច់ត្រូវមានធនធានមនុស្សដែលមានសម្បទាទាំង៥រឹងមាំ នោះគឺចំណេះសម្បទា បំណិនសម្បទា កាយសម្បទា ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា។ សម្បទាទាំង៥នេះ អាចសម្រេចបាននោះ គឺចាំបាច់ទាមទារការចូលរួមដោយស្មារតីទទួលខុសត្រូវរបស់យើងទាំងអស់គ្នាជាក្រុមការងារ និងមហាជនកម្ពុជាគ្រប់រូប៕