(កំពង់ឆ្នាំង)៖ សកម្មជនរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តសកម្មភាពចុះពន្យល់ណែនាំដល់សមាជិកសមាជិការបស់គណបក្សនៅតាមបណ្តាមូលដ្ឋាន និងប្រជាពលរដ្ឋ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងសកម្មភាពចុះពន្យល់ដល់សមាជិកសមាជិកាឱ្យស្គាល់អំពីស្លាកសញ្ញា និងលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា និងរបៀបគូសសន្លឹកឆ្នោតខាងលើនេះ គឺធ្វើឡើងទៅតាមពេលវេលាដែលគណៈកម្មការរៀបចំការ បោះឆ្នោតថ្នាក់ឃុំ ហៅកាត់ថា (សិច) បែងចែកពេលវេលាទៅតាមគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំបានរៀបចំឱ្យ។
លោក ឈួន ប៊ុនឈឿន ជាសមាជិកដ៏សកម្មម្នាក់របស់គណបក្សប្រជាជនកម្ពុជា ក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ដែលបានដឹកនាំក្រុមការងាររបស់គណបក្សចុះពន្យល់ណែនាំដល់សមាជិក សមាជិកានៅតាមផ្ទះក្នុងមូលដ្ឋានរបស់ខ្លួន បានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោកភាគច្រើនលើសលប់បានស្គាល់អំពីស្លាកសញ្ញាឡូហ្គោ និងលេខរៀងរបស់គណបក្សប្រជាជនកម្ពុជាច្បាស់លាស់គ្រប់ៗគ្នា ចំណែករបៀបគូសសន្លឹកឆ្នោតវិញក៏ពួកគាត់ចេះចាំ ក្នុងការគូសបានត្រឹមត្រូវផងដែរ។
លោកបានបញ្ជាក់ថា បើតាមការសាកសួរពីក្រុមការងារដល់ប្រជាពលរដ្ឋនៅតាមក្នុងផ្ទះនីមួយៗឃើញថា ប្រជាពលរដ្ឋភាគច្រើនប្រមាណជា៩០ភាគរយនៅ ក្នុងមូលដ្ឋានរបស់លោក និងទៅបោះឆ្នោតហើយបោះជូន គណបក្សប្រជាជនកម្ពុជា ដែលមានឡូហ្គោមានរូបសញ្ញាទេវតាបាចផ្កា និងឈរនៅលេខរៀងទី១៨ ចំណែកឯថ្ងៃបោះឆ្នោតវិញ និងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនៅមានរយៈពេលតែ១៩ថ្ងៃទៀតប៉ុណ្ណោះ បើគិតពីថ្ងៃទី០៤ ខែកក្កដានេះទៅ៕