(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ តាមរយៈឆាណែល Telegram បានបង្ហោះរូបថត ដែលសម្តេចទើបទទួលបានពីកូនស្រីរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសសម្តេចអញ្ជើញចូលរួមពិធីមង្គលការនៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ។

សម្តេចតេជោបញ្ជាក់ថា រូបថតដែលសម្តេចទើបទទួលបានពីកូនស្រីរបស់លោកស្រី ភឿង សកុណា គឺថតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៣ មានរយៈពេល៣០ឆ្នាំគត់ ក្នុងពេលសម្តេច និងសម្តេចកិត្តិព្រឹត្តបណ្ឌិត អញ្ជើញទៅបោះឆ្នោតនៅខេត្តកំពង់ចាម។

រូបថតនេះក៏កម្រនេះ កូនស្រីរបស់លោកស្រី ភឿង សកុណា គឺអ្នកស្រី ឆេង និព័ន្ធ ដាក់ដេញថ្លៃបាននៅប្រទេសបារាំង។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថត អមដោយខ្លឹមសារទាំងស្រុងដូច្នេះថា «ព្រឹកមិញ ខ្ញុំបានទៅចូលរួមរៀបការកូនស្រីលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ដែលនៅទីនោះខ្ញុំបានទទួលរូបថតមួយសន្លឹក ដែលខ្ញុំមិនដែលបានឃើញ។ រូបថតនេះ ត្រូវបានថតដោយអ្នកយកព័ត៌មានបរទេសថត ថ្ងៃ២៤ ឧសភា ១៩៩៣ ពេលដែលខ្ញុំ និងភរិយាទៅបោះឆ្នោតនៅរួមខេត្តកំពង់ចាម ដែលកាលពេលនោះការបោះឆ្នោតរៀបចំដោយអ៊ុនតាក់។

រូបថតនេះ ត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំងដែលក្មួយស្រី ឆេង និព័ន្ធ កូនស្រីលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ដេញថ្លៃបាននិងយកមកប្រគល់ឲ្យខ្ញុំនៅថ្ងៃរៀបការរបស់នាង។

ខ្ញុំ និងភរិយាសូមអរគុណក្មួយស្រី ឆេង និព័ន្ធ និងស្វាមី ដែលបានខិតខំចំណាយកម្លាំង និងថវិកាដេញថ្លៃទិញ យករូបថតដ៏កម្រនេះប្រគល់ឲ្យខ្ញុំ។ បើគិតពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣ មានរយៈពេល៣០ឆ្នាំគត់ ដែលពេលនោះខ្ញុំមានអាយុ៤១ឆ្នាំ ឯភរិយាខ្ញុំមានអាយុ៣៩ឆ្នាំ»