(កណ្តាល)៖ នៅថ្ងៃទី៤ ខែកក្កដា​ ឆ្នាំ២០២៣ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន បានដឹកនាំក្រុមការងារចុះជួយភូមិ គណបក្សសង្កាត់ សាខាបក្សភូមិ ចុះផ្សព្វផ្សាយគោលនយោបាយ បិទស្ទីកគ័រ ចែកខិត្តបណ្ណ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងសង្កាត់កោះអន្លង់ចិន។

នៅក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានលើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទេសក៍ ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ទៀតថា ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាការអនុវត្តប្រជាធិបតេយ្យពិតប្រាកដ គ្មានការបង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋបោះឆ្នោតដោយសេរីតាមការសម្រេចចិត្តរបស់ខ្លួន តាមឆន្ទៈ និងការគាំទ្ររបស់ខ្លួនទៅលើគណបក្សណាមួយ។

លើសពីនេះ លោកប្រធានក៏បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋសូមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

នៅក្នុងឱកាសនោះ លោក នុត ពុធដារ៉ា និងក្រុមការងារ ក៏បានបង្រៀនសមាជិកសមាជិកាបក្សឲ្យចេះគូសសន្លឹកឆ្នោតផងដែរ នៅពេលអញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕