(ភ្នំពេញ)៖ លោក ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើរដល់មន្រ្តីថ្មី និងក្រោមឱវាទនៃ (គ.ជ.គ.ម.) គឺធ្វើយ៉ាងណាបំពេញការងារតាមតួនាទីរបស់ខ្លួនដែលរដ្ឋបាលបានមានការចាត់តាំង និងចេះសម្របសម្រួលជាមួយមន្រ្តីរាមច្បង ដើម្បីបញ្ជ្រាប និងដកបទពិសោធន៍ការងារ។

ការផ្តាំផ្ញើបែបនេះ របស់ហង្ស សាមឿន បានធ្វើឡើងនៅក្នុងឱកាសលោបានអញ្ជើញជាតំណាង លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើកកិច្ចកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែមិថុនា ឆ្នាំ២០២៣ និងទិសដៅបន្តខែកក្កដា ឆ្នាំ២០២៣ និងប្រកាសស្តីពីការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការរបស់ (គជ.គ.ម.) នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។

នាឱកាសនោះដែរ លោក ហង្ស សាមឿន បានលើកឡើងថា គ្រោះមហន្តរាយអាកាសធាតុក្នុងរដូវវស្សាឆ្នាំនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការសម្របសម្រួលនឹងសហការជាមួយក្រសួង ស្ថាប័នជំនាញក្នុងការត្រៀមរៀបចំសម្រាប់ការអន្តរាគមន៍សង្គ្រោះក្នុងហេតុការណ៍គ្រោះមហន្តរាយ។

លោកបានបន្តថា ទិសដៅបន្តគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសហការ ជាមួយក្រសួងស្ថាប័ន្ធនានាពាក់ព័ន្ធពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងការតាមដាន និងចុះពិនិត្យការប្រឈមនឹងការខ្វះខាតទឹក នៅតាមមូលដ្ឋានសហគមន៍ងាយរងគ្រោះ។

អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ បានបន្តថា សម្រាប់បេសកកម្មត្រូវ ពង្រឹងយន្តការនៃការតាមដានស្ថានភាពអាកាសធាតុដែលអាចនឹងកើតមានក្នុងតំបន់ និងក្នុងប្រទេស ដើម្បីបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មូលដ្ឋានសហគមន៍ និងមុខសញ្ញារងគ្រោះក្នុងការមានវិធានការទប់ស្កាត់ និងកាត់បន្ថយហានិភ័យបានសមស្រប។ ពង្រឹងសមត្ថភាព និងលទ្ធភាពក្នុងការឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្នុងហេតុការណ៍គ្រោះមហន្តរាយ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយប្រព័ន្ធស្បៀងបម្រុងកម្ពុជា កាកបាទក្រហមកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ។ ដំណើរការរៀបចំផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨។

សហការ និងពង្រឹងសមត្ថភាពជាដៃគូ សម្រាប់ការអនុវត្តការងារគម្រោងក្នុងក្របខ័ណ្ឌកម្មវិធីជាតិ ជាមួយកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) កម្មវិធីស្បៀងអាហារពិភពលោក (WFP) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (WB)។ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសហប្រជាជាតិ អន្តរជាតិ និងក្របខ័ណ្ឌអាស៊ាន សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ស្របតាមក្របខ័ណ្ឌការងារសេនដាយ ២០១៥-២០៣០ និងក្របខ័ណ្ឌអាស៊ាន «អាស៊ានមួយការឆ្លើយតបមួយ»