(សៀមរាប)៖ ក្នុងស្មារតីចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌដូនតាខ្មែរ ប្រសិនបើព្រះសង្ឃ ពលរដ្ឋខ្មែរមានវត្ថុបុរាណទុកនៅផ្ទះ ឬនៅតាមទីវត្តអារាម គប្បីប្រគល់ជូនស្ថាប័នមានសមត្ថកិច្ច ពិសេសសារមន្ទីរ ដើម្បីបន្តការអភិរក្សថែរក្សា ស្រាវជ្រាវអំពីខ្លឹមសារអត្ថន័យនៃវត្ថុជាប្រយោជន៍សម្រាប់ប្រវត្តិសាស្ត្រ និងតាំងពិព័រណ៍បង្ហាញជូនភ្ញៀវទេសចរជាតិ/អន្តរជាតិជាដើម។
នេះជាការអំពាវនាវយ៉ាងទទួចរបស់លោក គុន ផល្លី មគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងជាអ្នកជំនាញដែលធ្វើការច្រើនជាមួយការងារផ្សព្វផ្សាយពីសម្បត្តិបេតិកភណ្ឌ វត្ថុបុរាណ មរតករបស់ដូចតាខ្មែរសម័យដើម ទៅដល់ភ្ញៀវទេសចរ។
លោក គុន ផល្លី បានលើកឡើងពីគុណតម្លៃដ៏ប្រសើរថ្លៃថ្លា ប្រសិនបើប្រជាពលរដ្ឋភ្ញាស់រឭកប្រគល់វត្ថុបុរាណដែលខ្លួនមានមកឱ្យសារមន្ទីរ ដើម្បីឱ្យមន្ត្រីតាមជំនាញនៃសារមន្ទីរបន្តការអភិរក្សថែរក្សា សិក្សាស្រាវជ្រាវសម្រាប់ជាប្រយោជន៍ប្រវត្តិសាស្ត្រ និងតាំងពិព័រណ៍បង្ហាញជូនភ្ញៀវទេសចរជាតិ/អន្តរជាតិ។
លោកក៏បានលើកឡើងពីគុណតម្លៃនៃការទៅទស្សនានៅសារមន្ទីរផងដែរ ដែលធ្វើឱ្យភ្ញៀវទេសចរកាន់តែយល់ដឹងអំពីរឿងរ៉ាវបន្ថែម លើសពីការទស្សនានៅតាមប្រាសាទនានា៕
សូមទស្សនាវីដេអូខ្លីរបស់លោក គុន ផល្លី មគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ៖