(ភ្នំពេញ)៖ ក្នុងគោលដៅលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ «យុទ្ធនាការគាំទ្រការអប់រំឌីជីថល សម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យម សិក្សារាជធានីភ្នំពេញ» ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៣ នេះ នៅគ្រប់ វិទ្យាល័យរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា យុទ្ធនាការនេះនឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ ការអប់រំឌីជីថលនិង ការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

តាមរយៈយុទ្ធនាការនេះគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ និងគរុសិស្សនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នឹងផ្ដល់ជូនដល់សិស្សានុសិស្សពីថ្នាក់ទី១០ដល់ថ្នាក់ទី១២ ដោយផ្តល់ការបណ្តុះបណ្តាល នៅតាមថ្នាក់រៀននីមួយៗដោយផ្ទាល់ លើប្រធានបទចំនួន៦ ដូចខាងក្រោម៖

១៖ ការស្វែងយល់ពីវិធីសាស្ត្ររៀនសិស្សម្នាក់ៗអាចស្វែងរក ឃើញវិធីសាស្ត្ររៀនដែលសមស្របសម្រាប់មេរៀន និងមុខវិជ្ជានីមួយៗ ក៏ដូចជាវិធីសាស្ត រៀនដែលសមស្របទៅតាមបុគ្គលិកលក្ខណៈរបស់ខ្លួន

២៖ ការរៀនដោយស៊ីជម្រៅដោយប្រើប្រាស់ធនធានសិក្សាចំរុះ៖ សិស្សម្នាក់ៗអាចចេះប្រើប្រាស់ធនធានសិក្សាសមស្រប ដើម្បីរៀនជាលក្ខណៈស្វ័យសិក្សា បន្ទាប់ពីការ
មុនពេលចូលរៀនក្នុងថ្នាក់ និងការរៀនជាលក្ខណៈសហការដោះស្រាយលំហាត់ រៀនក្នុងថ្នាក់រួច ក៏ដូចជាការហ្វឹកហាត់ឬប្រតិបត្តិបន្ថែមជាមួយកិច្ចការនៅផ្ទះ

៣៖ ការរៀនតាមបែបពន្លឿន៖ សម្រាប់សិស្សដែលរៀនយឺត ឬពុំសូវយល់ច្បាស់លើមេរៀន័ ឬខកខានពុំបានចូលរៀន ដោយការរៀនជាមួយធនធានសិក្សាដែលផលិតជាពិសេសសម្រាប់ការស្វែងយល់ជាពិស្តារលើមេរៀននីមួយៗ

៤៖ ការបង្កើតក្លឹបសិក្សាសម្រាប់សិស្សរៀនយឺត ឬក្លឹបសិក្សាមុខវិជ្ជា ៖ សិស្សអាចរួមគ្នាបង្កើតក្លឹបសិក្សាដោយមានសិស្សពូកែជួយបង្រៀនសិស្សដែលរៀន យឺត ឬសិស្សដែលមានចំណាប់អារម្មណ៍លើការសិក្សាដោយការបង្កើតគម្រោងដើម្បីសិក្សាកាន់តែស៊ីជម្រៅ និងជាលក្ខណៈសហការ

៥៖ ការបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៖ សិស្សនឹងទទួលបានការពន្យល់ពីគន្លឹះសំខាន់ៗនៃការត្រៀមខ្លួនដើម្បីប្រឡង និងការណែនាំអំពីធនធានសិក្សា សំខាន់ៗដើម្បីបំប៉ន និងលើកកម្ពស់សមត្ថភាព

៦៖ ការប្រើប្រាស់កម្មវិធីទូរសព្ទដៃ - ទូរសិក្សា ៖ សិស្សអាចទទួលបានធនធានសិក្សា ដែលមានលក្ខណៈពេញលេញ (គ្រប់មេរៀន គ្រប់មុខវិជ្ជា គ្រប់កម្រិតថ្នាក់) ចំរុះ (ដែលមាន ច្រើនប្រភេទ ជាវីដេអូ សន្លឹកកិច្ចការ សៀវភៅមេរៀនសង្ខេប សៀវភៅលំហាត់អនុវត្ត ...) និងសម្បូរបែប (ការរៀនដោយសង្ខេប ការរៀនជាមួយសំណួរ-ចម្លើយ ការរៀនជាមួយវីដេអូ បង្រៀន ការធ្វើតេស្តសមត្ថភាពដោយខ្លួនឯង)។

យុទ្ធនាការនេះនឹងត្រូវអនុវត្តនៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋចំនួន ៣៨ នៅក្នុងរាជធានីភ្នំពេញ ហើយ សិស្សានុសិស្សជាង៤០ពាន់នាក់ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលការបណ្តុះបណ្តាលដោយគរុនិស្សិត និងគរុសិស្សស្ម័គ្រចិត្តចំនួន ៣៦៧នាក់ ហើយដែលត្រូវចុះផ្ទាល់ទៅកាន់ថ្នាក់រៀន ជិត១ ០០០បន្ទប់៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា៖