(ភ្នំពេញ)៖ បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ និងសប្បុរជននានា បន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា​ ខណៈមន្ទីរពេទ្យនេះ ត្រូវការថវិកាជាង១០ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ។

បណ្ឌិត ចន ណារិទ្ធ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះថា ទោះបីជាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ​​ដោយប្រមូលថវិកាបាន​ជាង២លានដុល្លារក៏ដោយ លោក​នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាសប្បុរសជន សូម​ចូលរួមជាមួយមូលនិធិគន្ធបប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ព្រោះការពិនិត្យ និងព្យាបាលកុមារនៅមន្ទីរពេទ្យគន្ធបុប្ផានៅតែបន្ត។

បើតាមប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា ​ត្រូវការថវិកាជាប្រចាំប្រមាណ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ ឬ ៤០លានដុល្លារ អាមេរិក ក្នុង១ឆ្នាំ​ សម្រាប់ដំណើរការមន្ទីរពេទ្យ និងការជួយព្យាបាលកុមារនៅកម្ពុជាដោយឥតថ្លៃ។

សូមជម្រាបថា កាលពីដើមខែមិថុនា ឆ្នាំ២០២៣ មូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបចំ​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ​ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ដោយបានចាប់ពីផ្តើមពីថ្ងៃទី១ ខែមិថុនា ​និងបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ​ទទួលបានថវិកាបរិច្ចាគពីសប្បុរជនជាង ២លានដុល្លារ ពីសប្បុរសជនជាង ២២ម៉ឺននាក់។ ​

​បណ្ឌិត ចន ណារិទ្ធ ​បានថ្លែងអំណរគុណដល់គ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ ចំពោះការចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» និងចូលរួមបរិច្ចាគនាពេលកន្លងមក យ៉ាងផុសផុល ដើម្បីរួមគ្នាជួយសង្រ្គោះកុមារនៅកម្ពុជា។ ថវិកាបរិច្ចាគរបស់លោកអ្នកពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា​៕