(កំពត)៖ នាថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ត្រើយកោះ ក្រុងកំពត បានបន្តដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ត្រើយកោះទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងខ្ជាប់ខ្ជួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសំដៅកសាង និងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលតែងតែស្រឡាញ់ ពេញចិត្ត និងគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងស្មោះស្ម័គ្ររហូតដល់បច្ចុប្បន្ន និងសូមបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខគ្រប់ៗគ្នា៕