(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលលែងប្តី មិនទាន់ដាច់ស្រាច់បានលួចទៅដើរលេងជាមួយបុរសផ្សេង ពេលប្តីតាមទាន់ ក៏កើតការដេញវាយប្រតាយប្រតប់គ្នា តាមដងផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី មុខទីស្តីការគណៈរដ្ឋមន្រ្តី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
តាមសំដីអ្នកដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តពីរគ្រឿង បើកតាមបណ្តោយផ្លូវ សហពន្ធ័រុស្សីក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដេញកៀរគ្នា រហូតដល់មុខទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានឈប់ហើយចុះមកប្រតាយប្រតប់គ្នា បង្កជាការភា្ញក់ផ្អើល ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ។
បើតាមសម្តីបុរសជាប្តីវិញបានអះអាងថា លោកនិងប្រពន្ធបានរៀបអាពាហ៍ពិពាហ៍ ស្របច្បាប់ជាច្រើនឆ្នាំមកហើយ តែទើបតែរយៈពេល២ខែចុងក្រោយនេះទេ ដែលប្រពន្ធលោកចុះចោលផ្ទះបាត់ៗ មិនសូវនៅផ្ទះ ធ្វើឲ្យរូបលោកសង្ស័យ និងតាមដានទើបដឹងថា ប្រពន្ធលោកលួចមកនៅជាមួយបុរសម្នាក់ ដែលជិះរថយន្ត Hammer។
តែស្ត្រីជាប្រពន្ធវិញបានចោទបុរសជាប្តីថា មិនចេះរកស៉ីអីទេ គឺដេកចាំចាយលុយនាងចិញ្ចឹម ធ្វើឲ្យនាងអស់ចិត្ត បានដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីលែងលះគ្នា តែអតីតប្តីនាងមិនព្រមលែងទេ ហើយចេះតែមកតាមរករឿងនាង ធ្វើឲ្យរូបនាងខ្មាសគេ។
ក្រោយពេលប្រតាយប្រតប់គ្នាមួយសន្ទុះ រួចមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការសម្របសម្រួល ដើម្បីឲ្យភាគីទាំងសងខាង ចេញផុតពីកន្លែងកើតហេតុឲ្យត្រឡប់ទៅផ្ទះវិញ៕