(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ​ ដើម្បីចូលរួមលើកកម្ពស់សុខមាភាពមាតា និងកុមារតូច ព្រមទាំងដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ។

​តាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការសម្រេចបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ធ្វើឡើង​ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល១០០០ ថ្ងៃដំបូងនៃជីវិត។

កន្លងមក ​រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារតូច តាមរយៈកម្មវិធីមួយចំនួន រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលជាកម្មវិធីជាតិជំនួយសង្គមដំបូងគេ​ , ​កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន និងការផ្តល់ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្ត្រីរាជការជាស្ត្រីដែលសម្រាលកូន។

ដើម្បីបន្តគាំពារស្ត្រីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សកម្ពុជាបន្ថែមទៀត ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គម, រាជរដ្ឋាភិបាលសម្រេចដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែម ជូនស្រ្តីនៃគ្រួសារមានបណ្ណសមធម៌, កម្មករនិយោជិតជាស្រ្តីដែលជាសមាជិក ប.ស.ស. និង មន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល រហូតដល់កូនអាយុ២ឆ្នាំ ដើម្បីលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះ ឱ្យទៅទទួលការប្រឹក្សា និងពិនិត្យផ្ទៃពោះ ព្រមទាំងសម្រាលកូនឱ្យបានសមស្របតាមនិយាមសុខាភិបាល និងប្រកបដោយសុវត្ថិភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ព្រមទាំងដើម្បីលើកកម្ពស់អាហារូបត្ថម្ភកុមារផងដែរ តាមរយៈ កម្មវិធី ដូចខាងក្រោម៖

១. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ៖ ដំឡើងកម្រិតប្រាក់ឧបត្ថម្ភ ទ្វេដង សម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល, ការសម្រាលកូន១ និងគិតគូរបន្ថែមសម្រាប់ករណីកូនភ្លោះ, និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់កូនមានអាយុ២ឆ្នាំ។

២. ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្រ្តីដែលជាសមាជិក ប.ស.ស ក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ និងដែលប្រើប្រាស់សេវានៅតាម មូលដ្ឋានសុខាភិបាលសាធារណៈ៖ ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន ៤ដង និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំ ចំនួន ១០ដង ដូចការផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ​ និងដំឡើងប្រាក់ឧបត្ថម្ភ ទ្វេដង សម្រាប់ការសម្រាលកូន១ ព្រមទាំងគិតគូរបន្ថែមសម្រាប់ករណីកូនភ្លោះ។

៣. ការផ្តល់ប្រាក់ឧបត្ថម្ភមាតុភាពបន្ថែមជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យា ជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ដែលប្រើប្រាស់សេវានៅតាម មូលដ្ឋានសុខាភិបាលសាធារណៈ ដូចជា៖ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន ៤ដង និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការ រហូតដល់អាយុ២ឆ្នាំ ចំនួន ១០ដង ដូចការផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ​ និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលកូន និងករណីកូនភ្លោះ ដូចការផ្តល់ជូន កម្មករនិយោជិតជាស្រ្តីដែលជាសមាជិក ប.ស.ស ដែរ។

ការដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែម​នេះ នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ តទៅ។

ការដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែម ជូនស្រ្តីនៃគ្រួសារមានបណ្ណសមធម៌, កម្មករនិយោជិតជាស្រ្តី ដែលជាសមាជិក ប.ស.ស និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ, ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនអាយុ២ឆ្នាំ កាន់តែសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្រ្តីមានផ្ទៃពោះ និងកុមារតូច ស្របតាមអាទិភាពដែលកំណត់យក «មនុស្ស» ជាចម្បង និងគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ដើម្បីលើកទឹកចិត្តស្ត្រីមានផ្ទៃពោះឱ្យមកទទួលសេវាពិនិត្យផ្ទៃពោះឱ្យបានសមស្របតាមនិយាមសុខាភិបាល ដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កុមារតាំងពីវ័យតូច ដែលជាមូលដ្ឋានគ្រឹះ ក្នុងការក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់បន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់, សមធម៌, និងបរិយាបន្ន នាពេលអនាគត។

សម្រាប់ព័ត៌មានបន្ថែមអំពីការទទួលបានប្រាក់ឧបត្ថម្ភ សូមធ្វើការទំនាក់ទំនងអាជ្ញាធរឃុំ សង្កាត់ដែលនៅជិតបំផុត ឬមូលនិធិជាតិជំនួយសង្គម តាមរយៈទូរសព្ទលេខ ០១៥ ២១៩ ៨៨៨ ឬ ០៩២ ២១៩ ៨៨៨​៕