(កំពង់ចាម)៖ នាថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកងមាស បានបន្តជួបសំណេះសំណាលសមាជិកបក្ស និងចុះតាមខ្នងផ្ទះ ក្នុងឃុំចំនួនពីរទៀត គឺឃុំរកាអារ និងឃុំកងតាណឹង ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។

ចាប់តាំងពីឆ្នាំ២០១៧-២០២៣ ដោយប្រទេសជាតិមានសន្តិភាពពេញលេញ ឈរលើខឿនឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកងមាស បានដឹកនាំក្រុមការងារចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសកកម្មតាមរយៈការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ចូលរួមលើកកម្ពស់ និងអភិវឌ្ឍវិស័យអប់រំ វិស័យសុខាភិបាល សេវាសាធារណៈ កិច្ចការសាសនា និងកិច្ចការមនុស្សធម៌ជាដើម។

តាងនាមឲ្យក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកងមាស លោក ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកកងមាសទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងខ្ជាប់ខ្ជួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសំដៅកសាង និងអភិវឌ្ឍស្រុកកងមាស។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋស្រុកកងមាស ទាំងអស់ដែលតែងតែស្រឡាញ់ ពេញចិត្ត និងគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងស្មោះស្ម័គ្ររហូតដល់បច្ចុប្បន្ន និងសូមបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខគ្រប់ៗគ្នា៕