(កំពង់ស្ពឺ)៖ ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី០៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានបន្តជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅឃុំធម្មតាអរ និងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីកំណត់ភាពឈ្នះបន្ថែមទៀត ហើយធ្វើយ៉ាងណាចូលរួមបោះឆ្នោតស្របតាមគោលការណែនាំរបស់គ.ជ.ប។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារចុះជួយ ឃុំ ស្រុក ខេត្ត និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំង២ឃុំសរុបប្រមាណ៨០០នាក់ផងដែរ។
ក្នុងជំនួបនេះ លោក ហ៊ុន ម៉ានី បានរំលឹកពីឯកសារដែលប្រជាពលរដ្ឋត្រូវភ្ជាប់ទៅបោះឆ្នោតថា ឯកសារដែលត្រូវកាន់យកទៅបោះឆ្នោត មានតែពីរគត់គឺ អត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរ (អ.ខ) ឬ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ. អ)។ ឯកសារ ឬប័ណ្ណព័ត៌មានផ្សេងៗទៀតមិនអាចប្រើប្រាស់ដើម្បីបោះឆ្នោតបានឡើយ។
ទន្ទឹមនឹងការលើកឡើងខាងលើ ក៏មានបទបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតដែលបានការ ដោយលោក សំ រិទ្ធី ប្រធានអនុគណៈកម្មការផ្នែកច្បាប់ និងនិតិវិធី នៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ជូនទៅកាន់សមាជិក សមាជិកាទាំងអស់អោយបានជ្រាប។
សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នឹងមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយប្រព្រឹត្តទៅចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ៣រសៀល។
ឆ្លៀតក្នុងឱកាស នៃជំនួបនាព្រឹកនេះ លោកតំណាងរាស្ត្រ បានអញ្ជើញលោកយាយ លោកតា ពុក ម៉ែ មាមីង បងប្អូនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លោកតំណាងរាស្ត្រ ក៏បានបញ្ជាក់ផងដែរថា សន្លឹកឆ្នោតមួយសន្លឹករបស់លោកយាយ លោកតា ពុក ម៉ែ មាមីង បងប្អូន ជូនគណបក្សប្រជាជនកម្ពុជា គឺជាការអនុញ្ញាតឲ្យគណបក្សប្រជាជនកម្ពុជា បន្តធានានូវអ្វីៗដែលប្រជាពលរដ្ឋ បាននិងកំពុងមាន ព្រមទាំងធានាអនាគតដែលកាន់តែល្អប្រសើរដល់កូនចៅជំនាន់ក្រោយៗ ក្រោមម្លប់ត្រជាក់ត្រជុំរបស់សុខសន្តិភាព៕