(ភ្នំពេញ)៖ មេធាវីម្នាក់ទំនងជាស្រវឹង បានបើករថយន្ដ Land Cruiser មួយគ្រឿង រេចង្កូតទៅបុករបាំងដែក ចែកទ្រូងផ្លូវអស់៧ផ្ទាំង រួចបន្ដបុករះម៉ូតូ៣គ្រឿង និងម៉ូតូកង់បី១គ្រឿងបន្ថែមទៀត ទើបរថយន្ដទៅមុខលែងរួច ប៉ុន្តែមិនមានអ្នកណារងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ តាមមហាវិថីព្រះមុនីវង្ស ត្រង់ចំណុចមុខហាងលក់ផ្លែឈើស្រស់ ឡោ មុយស្រេង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ដ១គ្រឿង ម៉ាក Land Cruiser ពាក់ស្លាកលេខភ្នំពេញ 2U-3989 ទំនងជាស្រវឹង ដោយបើកក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ រថយន្ដបានរេចង្កូតទៅបុករបាំងដែក ពុះចែកទ្រូងផ្លូវអស់៧ផ្ទាំង រួចរថយន្ដជ្រុលចង្កូតទៅខាងឆ្វេងដៃ បន្ដបុករះម៉ូតូ៣គ្រឿង និងម៉ូតូកង់បី១គ្រឿងបន្ថែមទៀត បណ្ដាលឱ្យរថយន្ដខ្ទេចមុខ និងម៉ូតូរងការខូចខាតធ្ងន់ធ្ងរ ដោយគៀបពីក្រោមរថយន្ដធ្វើឱ្យរថយន្ដទៅមុខលែងរួច។
ប៉ុន្ដែអ្វីដែលជាការចាប់អារម្មណ៍នោះ គឺនៅក្នុងរថយន្ដគេឃើញមានកាតមួយដែល ជាកាតមេធាវី ហើយមានឈ្មោះ សំរេច កុសល អត្តលេខ៨០០ ទើបមជ្ឈដ្ឋានទូទៅសន្និដ្ឋានថា អ្នកបើកបរជាមេធាវី។
ក្រោយពេលកើតហេតុអ្នកបើកបរ និងរថយន្ដត្រូវបានសមត្ថកិច្ចជំនាញ យកទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមក្រោយ៕