(ត្បូងឃ្មុំ)៖ លោក ឌិត​ ទីណា​ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរ និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំចំនួន៣៩១នាក់ មកពីឃុំគោកស្រុក ឃុំតំបែរ និងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីសំណេះសំណាលនាថ្ងៃទី​៣ ខែកក្កដា​ ឆ្នាំ​២០២៣នោះ លោក ឌិត ទីណា បានសម្តែងនូវការកោតសរសើរសកម្មជនគណបក្សប្រជាជនឃុំ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តលើការងារបក្សក្នុងមូលដ្ឋានរបស់ខ្លួន និងមានភាពរឹងមាំ ហើយបន្តត្រូវជឿជាក់ និងមានភាពស្មោះត្រង់បោះឆ្នោតជូនបក្ស។

ទន្ទឹមនឹងនេះដែរ សកម្មជនបក្សចាំបាច់ត្រូវធ្វើការពង្រឹងការងារគ្រប់គ្រងតួលេខឱ្យបានត្រឹមត្រូវ ព្រមទាំងពិនិត្យសម្របសម្រួល និងព្យាយាមដោះស្រាយជូនសមាជិកឱ្យមានលទ្ធភាពបោះឆ្នោតបានទាំងអស់គ្នា។ លើសពីនេះទៀត គឺត្រូវបើកទូលាយសម្រាប់អ្នកស្ម័គ្រចិត្តចូលរួមជីវភាពបក្ស ដោយភាពស្មោះត្រង់ និងអាកប្បកិរិយាល្អ។ ចំពោះសកម្មជនបក្សត្រូវចូលរួមឃោសនាក្នុងអំឡុងពេលយុទ្ធនាការ ២១ថ្ងៃនេះឱ្យបានល្អបំផុត និងជំរុញឱ្យសមាជិកទៅបោះឆ្នោតទាំងអស់គ្នា។

លោកអនុប្រធានបានសង្កត់បញ្ជាក់ថា សមាជិកគណបក្សមានកាតព្វកិច្ចចាំបាច់ណាស់ គឺត្រូវទៅបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមយកជ័យជម្នះជូនគណបក្ស ដូច្នេះសកម្មជនបក្សត្រូវយកចិត្តទុកដាក់គ្រប់គ្រងទិន្នន័យឱ្យបានច្បាស់លាស់ និងជំរុញឱ្យសមាជិកទៅបោះឆ្នោត ដោយយកគោលការណ៍ចង្អុលដៃខ្មៅ គឺសមាជិកម្នាក់សន្លឹកឆ្នោតមួយ។

បើតាមរបាយការណ៍ពីគណបក្សឃុំ ឃុំគោកស្រុកមានប្រជាជនសរុប១០,៩៦៦នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន៦,៣៦១នាក់ ហើយសមាជិកបក្សមានចំនួន៤,៩៦០នាក់។ ឃុំតំបែរមានប្រជាជនសរុប៩,៨១២នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន៦,៥៨៧នាក់ ហើយសមាជិកបក្សមានចំនួន៥,៣៧២នាក់។ ឃុំត្រពាំងព្រីងមានប្រជាជនសរុប១៤,៦៨០នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន៨,២៦០នាក់ ហើយសមាជិកបក្សមានចំនួន៦,៣៦៣នាក់។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ គឺមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន៩ គឺគណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិខ្មែរ គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរឈប់ក្រ គណបក្សហ៊្វុនស៊ីនបុិច គណបក្សធម្មាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា៕

ពីធីសំណេះសំណាលជាមួយមន្រ្ដីគណបក្សឃុំ សាខាគណបក្សភូមិ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ពីធីសំណេះសំណាលជាមួយមន្រ្ដីគណបក្សឃុំ សាខាគណបក្សភូមិ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ពីធីសំណេះសំណាលជាមួយមន្រ្ដីគណបក្សឃុំ សាខាគណបក្សភូមិ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ