(ភ្នំពេញ)៖ កុមារីម្នាក់ទៀតហើយ ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាវះកាត់ភ្ជិត​បេះដូងដោយជោគជ័យ ផ្តល់ក្តីសង្ឃឹម និងពន្លឺជីវិតថ្មី បន្ទាប់ពីកុមារីរូបនេះ បានជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

កុមារី ម៉ង់ ធីដាណា អាយុប្រមាណ ៥ឆ្នាំ រស់នៅភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រោះតែជំងឺបេះដូងពីកំណើតមកនោះ ធ្វើឱ្យរូបគេ​ស្គម​រីងរៃ មិនធំធាត់ដូចក្មេងដទៃនោះឡើយ។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ម្តាយកុមារីជាកម្មការិនី បាន​នាំ​​​កូនស្រីទៅចូលរួមក្នុងកម្មវិធីសំណេះសំណាលមួយក្នុងស្រុកក្រគរ ដែលធ្វើ​ឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន។

ស្ត្រីជាម្តាយបានស្ពាយបំណងតាំងពីផ្ទះនាំកូនស្រីជួបព្រះរស់ ជួយ​សង្គ្រោះ​​ជី​វិ​ត។ ដូច្នេះក៏បាននាំកូនស្រីអង្គុយកៅអីជួរមុខកន្លែងដែលសម្តេចតេជោអ​ញ្ជើញ​ធ្វើដំណើរឆ្ពោះទៅកាន់វេទិកាកិត្តិយសតែម្តង។

ពិតជាសំណាងខ្ពស់មិនខក​បំណងនោះឡើយ។ សម្តេចតេជោ តែងមាន​ទម្លាប់​ស្និទ្ធស្នាល និងសួរសុខ​កម្មករ កម្មការិនីចូលរួមកម្មវិធីដោយ​ផ្ទាល់ ហើយក៏បាន​ជួបកុមារីដែលកំពង់ស្ពាយជំងឺបេះដូងជាប់ខ្លួននោះ។ ក្នុងឱកាស​ដ៏វិសេស​វិសាល​នោះ ស្ត្រីជាម្តាយបានរៀបរាប់ពីស្ថានភាពជំងឺកូនស្រី ជម្រាប​សម្តេច​​តេជោ ទាំងទឹកភ្នែកហូរសស្រាក់។

ក្រោយទទួលបានព័ត៌មានពីស្ថានភាពជំងឺរបស់កុមារីរូបនេះរួចហើយ បានធ្វើ​ឱ្យសម្តេចតេជោមេដឹកនាំពោរពេញដោយព្រហ្មវិហារធម៌កើតក្តីអាណិតរំជួលចិត្តជាពន់ពេក។ សម្តេចតេជោ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ព្រមទាំងបាន​ណែ​នាំលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលអញ្ជើញ​ចូល​រួម​​ក្នុង​កម្ម​វិធីដែរនោះ ឱ្យចាត់ចែងស្វែងរកការព្យាបាលជូនកុមារី។

មិនបង្អង់នោះឡើយ លោកស្រី យក់ សម្បត្តិ ក៏បានចាត់ចែងភ្លាម បញ្ជូនកុមារី​រូប​នោះស្វែងរកការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា កុមារី ម៉ង់ ធីដាណា ធ្លាប់បានចូល​សម្រាក​ព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាកាលពីឆ្នាំ២០១៨ ដោយសាររលាក​សួតធ្ងន់ធ្ងរ។ កុមារីរូបនេះ ត្រូវបានគ្រូពេទ្យណាត់ជួបជាទៀងទាត់​ ដើម្បីតាម​ដាន​បញ្ហាបេះដូងពីកំណើត។ ប៉ុន្តែមួយឆ្នាំចុងក្រោយនេះ ឪពុកម្ដាយមិនបាន​យក​កូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផាតាមការណាត់ជួបនោះឡើយ។

លោកស្រី យក់ សម្បត្តិ បានឱ្យដឹងទៀតថា បន្ទាប់ពីយកមកដល់មន្ទីរពេទ្យគន្ធ​បុប្ផា ក្រុមគ្រូពេទ្យបានរកឃើញថា កុមារី ធីដាណា មានបេះដូងចំហរថតក្រោម​ទំហំប្រមាណ៥មិល្លីម៉ែត្រ មិនទាន់បិទជិតនៅឡើយ ហើយទាមទារការវះកាត់​បេះ​ដូង​ដើម្បីភ្ជិតប្រហោងនោះ។

បន្ទាប់ពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះ និងវះកាត់ផ្នែកបេះដូង នៃមន្ទីរ​ពេទ្យគន្ធបុប្ផា បានពិនិត្យវាយតម្លៃស្ថានភាពទូទៅរបស់កុមារីរួចហើយនោះ
នៅ​រសៀលថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ កុមារី ម៉ង់ ធីដាណា បាន​ទទួល​ការវះកាត់។

លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា ក្រុមវេជ្ជបណ្ឌិត​ឯកទេសអស់រយ:ពេល​ប្រមាណ​៤ម៉ោង។ ការវះកាត់ទទួលបាន​លទ្ធ​ផល​ល្អជាជំហានដំបូង ដោយ​ក្រុម​គ្រូពេទ្យឯកទេសបានភ្ជិតប្រហោងបេះដូងដោយជោគជ័យ។ ក្រោយវះ​កាត់​កុមារីរូបនេះ កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះក្រោយវះកាត់ និងសង្ឃឹមថា​នឹងដឹងខ្លួននៅព្រឹកថ្ងៃទី៤ ខែកក្តដា។

លោកស្រី យក់ សម្បត្តិ បានថ្លែងអំណរគុណដល់លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា ក្រុមគ្រូពេទ្យឯកទេស ក៏ដូចជាក្រុមគ្រូពេទ្យ​ទាំង​អស់នៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្ត និង​ចំណេះ​ជំនាញជួយសង្គ្រោះកុមារីរងគ្រោះពីមច្ចុរាជនៃជំងឺ។

មិនមានក្តីរីករាយណាធំជាងក្តីរីករាយនៃការសង្គ្រោះជីវិតកូននោះឡើយ ហើយ​ក៏គ្មានគុណអ្វីដែលធំស្មើនឹងគុណនៃការសង្គ្រោះជីវិតនេះដែរ។ ក្រោយកូនស្រី​ត្រូវ​​បានវះកាត់ភ្ជិតបេះដូងដោយជោគជ័យ ស្ត្រីជាម្តាយបានរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេច​តេជោ សម្រាប់ការជួយសង្គ្រោះជីវិតកូនស្រីរបស់អ្នកស្រី។

ស្ត្រីជាម្តាយរបស់កុមារី ម៉ង់ ធីដាណា ក៏បានថ្លែងអំណរគុណលោកស្រី យក់ សម្បត្តិ និងក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា ដែលបានខ្នះខ្នែងយកជីវិតកូនស្រី​របស់​អ្នកស្រី ចេញពីមច្ចុរាជនៃជំងឺ។ គុណដ៏ធំធេងមួយនេះ ធ្វើឱ្យអ្នកស្រីចងចាំ​គ្មាន​​ថ្ងៃភ្លេចនោះឡើយ៕