(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង នៅរសៀលថ្ងៃចន្ទ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកសង្កែ ខេត្តបាត់ដំបង។

នាឱកាសនោះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកសង្កែ សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ភូមិ និងឃុំទូទាំងស្រុកសង្កែ ដែលមានភក្ដីភាព ជឿជាក់ និងគាំទ្រដោយឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា ហើយបានអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ានច្រើនកុះករ។

សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវសមាជិក សមាជិការអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ មានភាពរីកចម្រើនជូនប្រជាពលរដ្ឋនិងប្រទេសជាតិ សម្បូរណ៌ សប្បាយ រុងរឿង ស៉ីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិទៀតផង៕