(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចំណាយថវិកាផ្ទាល់ ដើម្បីលើកទឹកចិត្តដល់គ្រូបង្វឹក និងអត្តពលិកកម្ពុជា ដែលត្រៀមចូលរួមប្រកួតកីឡាអូឡាំពិក Olympic Games លើកទី៣១ នៅទីក្រុង Rio ប្រទេសប្រេស៊ីលនាពេលឆាប់ៗខាងមុខម្នាក់ៗ ចំនួន ១,០០០ដុល្លារ តាមរយៈលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដានេះ ។
ពិធីប្រគល់ថវិកាលើកទឹកចិត្តនេះ បានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយលោក ថោង ខុន ជាអ្នកនាំយកថវិការបស់សម្ដេច មកប្រគល់ជូនដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីម្នាក់ៗ ទទួលបាន ១,០០០ដុល្លារស្មើគ្នា។ ពិធីនេះក៏មានការចូលរួមពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សមាជិកប្រតិបត្តិ និងតំណាងសហព័ន្ធកីឡាជាតិមួយចំនួនផងដែរ។
ទន្ទឹមជាមួយគ្នានោះ លោកបាននាំយកថវិកាវលើកទឹកចិត្តបន្ថែម ដែលទទួលបានពីសប្បុរសជន ប្រគល់ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីផងដែរ ប៉ុន្ដែក្នុងនោះកីឡាការិនី ស៊ន សៀវម៉ី ដែលជាបេក្ខភាពពេញសិទ្ធិចូលរួមប្រកួត Olympic Games លើកនេះ គឺទទួលបានការឧបត្ថម្ភច្រើនជាងគេចំនួន ២,៥០០ដុល្លារ ខណៈកីឡាករ-កីឡាការិនីដទៃទទួលបានម្នាក់ៗ ១,៥០០ដុល្លារ និងគ្រូបង្វឹកក៏ទទួលបានម្នាក់ ៧០០ដុល្លារផងដែរ៕