(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទីបីនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត តាមលទ្ធភាព និងមធ្យោបាយរបស់ខ្លួន។
ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នៅថ្ងៃទីបីនេះ គណបក្សនយោបាយបានធ្វើការឃោសនាបោះឆ្នោត ដែលភាគច្រើនជាសកម្មភាពនៃការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណនៅទីសាធារណៈ និងការជួបប្រជុំផងដែរ ដែលការជួបប្រជុំភាគច្រើនធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានោះ គណបក្សនយោបាយចំនួន៤ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោត។
គណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ គណបក្សខ្មែរឈប់ក្រ បានហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ស្ពឺ និងគណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅមណ្ឌលខេត្តប៉ៃលិន មណ្ឌលខេត្តកំពង់ធំ និងមណ្ឌលខេត្តព្រះវិហារ។
ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីបីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕