(ព្រះសីហនុ)៖ ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ នៃការលើកឡើងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនិងខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-ចិន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ វិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) បានសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា រៀបចំការសម្តែង Flash Mob លើកទី២ស្ដីពី «កម្ពុជាចិនធ្វើដំណើរជាមួយគ្នា៖ អបអរសាទរខួបគម្រប់១០ឆ្នាំ នៃការលើកឡើងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជា-ចិន» នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ក្នុងការសម្តែងនេះ តារាចម្រៀងចិននិងបុគ្គលិកខ្មែរដែលបម្រើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរួមគ្នាច្រៀងបទ «Wo de Hao Xiongdi» (បងប្អូនល្អ) និងបទ «Yueliang Daibiao Wo De Xin» (ព្រះចន្ទតំណាងឱ្យបេះដូងខ្ញុំ) ជាដើម។ សិល្បករចិនបានសម្តែងកម្មវិធី «ប្តូររបាំងមុខ» ដែលជាបេតិកភណ្ឌវប្បធម៌អរូបី
ជាតិចិននិងក្រុមសិល្បករសិល្បការិនីខ្មែរសម្តែងរបាំឆៃយ៉ាំមិត្តភាព កម្ពុជា-ចិន។ ការសម្តែងដ៏អស្ចារ្យទាំងនេះ បានទាក់ទាញទស្សនិកជនដែលជាកម្មករកម្មការិនីរាប់រយនាក់ចូលរួមទស្សនា។
សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺជាគម្រោងសហប្រតិបត្តិការដ៏សំខាន់ រវាងចិននិងកម្ពុជាក្នុងក្របខ័ណ្ឌ ខ្សែក្រវាត់និងផ្លូវ។ កាលពីឆ្នាំ២០១៦ មុនពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ក្នុងអត្ថបទដែលចុះផ្សាយនៅប្រព័ន្ធសារព័ត៌មានកម្ពុជា លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា។ នៅឆ្នាំ២០១៨ ពេលចូលរួមវេទិកាកំពូល ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវាត់និងផ្លូវ លើកទី២ ដែលរៀបចំធ្វើនៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាគំរូនៃសមិទ្ធផលដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការ”ខ្សែរក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន។
ក្រៅពីនេះ តាំងពីឆ្នាំ២០០៨មក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានពន្លឿនការកសាងដោយឥតឈប់ឈរ ដែលបានក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិរបស់កម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធពេញលេញទាំងផ្នែកផលិតកម្ម និងជីវភាពរស់នៅ។ សហគ្រាស និងអង្គភាពចំនួន១៧៥ ដែលមកពីប្រទេសចិន អឺរ៉ុប និងអាមេរិក និងអាស៊ីអាគ្នេយ៍ជាដើមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្តល់ឱកាសការងារចំនួនជិត៣ម៉ឺននាក់ ជូនប្រជាជនកម្ពុជា៕