(ភ្នំពេញ)៖ ជាបន្តបន្ទាប់កម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងចុះបង្ក្រាប ក្រុមជួញដូរគ្រឿងញៀន យ៉ាងសស្រាក់សស្រាំ បញ្ជូនទៅតុលាការបន្តបន្ទាប់ដូចភ្លៀងរលឹម មកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅវេលាម៉ោង៤៖៣០នាទី កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបក្រុមជួញដូរគ្រឿងញៀន២នាក់ គួរឲ្យភ្ញាក់ផ្អើល នៅចំណុច Apartment លេខ៣៧ ហ្សេត ផ្លូវ២៦១ហ្សេត ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ មានម្នាក់ជា DJ និងម្នាក់ទៀតជាសិស្សស្រីថ្នាក់ទី១០ ហើយការបង្ក្រាបនោះ ក្រោមកិច្ចសហការរវាងកម្លាំង អាវុធហត្ថខណ្ឌមានជ័យ អាវុធហត្ថខណ្ឌទួលគោក និងកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបានគ្រឿងញៀនចម្រុះមួយចំនួនធំ និងអាវុធខ្លីចំនួន២ដើមផងដែរ។

មន្ត្រីអាវុធហត្ថដដែលបានឲ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពី កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបក្ខពួកម្នាក់ កាលពីវេលាម៉ោង១៖៣០នាទីយប់ ថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ហើយនាំយកទៅសាកសួរ នៅការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ អស់រយៈពេលពេញមួយថ្ងៃ ទើបជនសង្ស័យព្រមឆ្លើយសារភាព ចង្អុលបង្ហាញបក្ខពួកខ្លួន២នាក់ទៀត ដែលស្នាក់ Apartment ខាងលើ។

ទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្រ្កាប ដល់ទីកន្លែងដោយមានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យជាក់ស្តែងនៅ Apartment ខាងលើបន្ទប់ជាន់ទី១។

កម្លាំងជំនាញបានឲ្យដឹងថា ជនសង្ស័យដែលជា DJ ឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតភូមិកន្តៀង ឃុំកន្តៀង ស្រុកកន្តៀង ខេត្តពោធិ៍សាត់ និង នារីសង្ស័យជាសិស្សវិទ្យាល័យឈ្មោះ សំ សូនីតា ភេទស្រី អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១០ នៃអនុវិទ្យាល័យសន្ធរម៉ុក ស្នាក់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងដែលដកហូតបាន មានរថយន្ត Lexus GS300 ពណ៌សមួយគ្រឿង, ម៉ូតូម៉ាក XR មួយគ្រឿង អាវុធខ្លីចំនួន២ដើម ម្សៅពណ៌ស ក្រាមពណ៌ស ម្សៅពណ៌ក្រហម ម្សៅពណ៌ប្រផេះ ទឹកថ្នាំពណ៌ក្រហម គ្រាប់ថ្នាំពណ៌លឿង ថ្នាំពណ៌ឈាមជ្រូក ថ្នាំពណ៌ផ្កាឈូក ថ្នាំពណ៌ប្រផេះ ថ្នាំពណ៌ខៀវ ថ្នាំពណ៌លឿងខ្ចី ថ្នាំពណ៌បៃតងខ្ចី ថ្នាំពណ៌បៃតងចាស់ ថ្នាំពណ៌ក្រហម រុក្ខជាតិញៀនក្រៀម និងសម្ភារសម្រាក់ជក់ ចូក កិន គ្រឿងញៀនជាច្រើន។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវបន្ត៕