(ស្ទឹងត្រែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចសាងសង់ផ្សារស្ទឹងត្រែង និងតូបលក់ដូរជូនអាជីវករឡើងវិញ និងប្តូរឈ្មោះទៅជា «ផ្សារសាមគ្គីស្ទឹងត្រែង» ដោយផ្សារនេះអនុញ្ញាតឲ្យបងប្អូនអាជីវករ ប្រកបរបររកស៊ីទទួលទាន អស់មួយជីវិត តកូនតចៅ ដោយមិនចាំបាច់បង់ប្រាក់នោះឡើយ គ្រាន់តែបង់ពន្ធ និងភាស៊ីផ្សារប៉ុណ្ណោះ។
ការសម្រេចសាងសង់ផ្សារស្ទឹងត្រែងនេះឡើងវិញ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលជួប សំណេះសំណាលជាមួយបងប្អូនអាជីវករ លក់ដូរនៅផ្សារស្ទឹងត្រែង នាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានជួបជុំសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តស្ទឹងត្រែងរួចមក។
ក្នុងឱកាសជួបសំណេះសំណាលជាមួយ បងប្អូនអាជីវករលក់ដូរនៅផ្សារស្ទឹងត្រែង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ហាផ្សារ ជូនបងប្អូនអាជីវករដូចខាងក្រោម៖
១)-សម្តេចតេជោ និងសប្បុរសជនទទួលសាងសង់ផ្សារ និងតូបលក់ដូរជូនអាជីវករទាំងអស់គ្នា។
២)-អាជីវករទាំងអស់អាចប្រកបរបររកស៊ីទទួលទាន នៅក្នុងផ្សារនេះអស់មួយជីវិត តកូនតចៅអត់បង់លុយអ្វីឡើយ តែត្រូវបង់ពន្ឋ និងភាស៊ី ហើយជ្រើសរើសគណៈកម្មការ ផ្សារដោយខ្លួនឯង។ តែមិនចេញ ប័ណ្ណកម្មសិទ្ឋិអោយទេ ។
៣)-ទំហំតូបនីមួយៗ គឺប្រហាក់ប្រហែលគ្នា (2mx2m) ហើយអាជីវករនីមួយៗ នឹងទទួលបានចំនួនតូប ទៅតាមទំហំតូបដែលអាជីវករធ្លាប់ មានពីមុនផ្សារឆេះ។ ប៉ុន្តែទីតាំងថ្មីអាចរំកិល ចេញពីជួរទីតាំងចាស់ អោយផុតពីផ្លូវសាធារណៈ។
៤)-អាចមាននៅសល់តូបមួយចំនួន គឺនឹងសម្រួលផ្តល់ជូនអ្នកលក់ដូរ តាមកញ្ច្រែងមួយចំនួន ដែលគ្នាត្រូវការលក់ដូរទទួលទានប្រចាំថ្ងៃដែរ។
៥)-អាជ្ញាធរនឹងបិទប្លង់តូប នៅក្នុងផ្សារជូនអាជីវករ ឲ្យបានដឹងគ្រប់ៗគ្នា។
៦) សម្តេចតេជោ ហ៊ុន សែន សូមប្តូរឈ្មោះផ្សារនេះថាជា «ផ្សារសាមគ្គីស្ទឹងត្រែង» ចាប់ពីពេលនេះតទៅ។
គួររំលឹកថា ផ្សារស្ទឹងត្រែង ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានត្រូវអគ្គិភ័យលេបត្របាក់គ្មានសល់ កាលពីម៉ោង១០៖៤៥នាទី យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦៕