(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាង៣០ម៉ឺននាក់ចេញដើរទស្សនាកម្សាន្តទូទាំងប្រទេស។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោកថា ភ្ញៀវសរុបមានចំនួន៣០៦,៥២៤នាក់ ក្នុងនោះភ្ញៀវជាតិ២៧៣,០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៤៦៩នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦៥,៨៧២នាក់
* ខេត្តបាត់ដំបង ៤២,៤៧៣នាក់
* ខេត្តសៀមរាប ៣១,៦៣៤នាក់
* រាជធានីភ្នំពេញ ៣១,៤២៤នាក់
* ខេត្តកំពត ២៨,៨៥១នាក់
* ខេត្តកំពង់ស្ពឺ ១៥,០៤៩នាក់
* ខេត្តកែប ១២,៣២៦នាក់។

លោក ថោង ខុន ថា ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ៣.៧៨% ធៀបនឹងសប្តាហ៍កន្លងមក។ សរុបរយៈពេល៦ខែនៃឆ្នាំ២០២៣នេះ ភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១.១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២។

លោកបន្តថា តាមនិន្នាការនេះ ឆ្នាំ២០២៣ យើងអាចនឹងទទួលបានភ្ញៀវទេសចរក្នុងស្រុកក្នុងចន្លោះពី១៦-១៨លាននាក់ (ដោយសារយើងនឹងមានព្រឹត្តិការណ៍ធំៗមួយចំនួនក្នុងឆមាសទី២នេះ ពិសេសពិធីបុណ្យភ្ជុំបិណ្ឌ ព្រះរាជ្យពិធីបុណ្យឯករាជ្យ និងព្រះរាជ្យពិធីបុណ្យអុំទូក) ដែលសម្តេចតេជោបានប្រកាសរៀបចំឲ្យមានទ្រង់ទ្រាយ ពិសេសពិធីបុណ្យអុំទូកដែលខកខានរៀបចំចាប់តាំងពីឆ្នាំ២0២០មកម្ល៉េះ។

លោកបន្តទៀតថា ចំនួនភ្ញៀវទេសចរខាងលើ គឺបានបង្ហាញពីភាពរឹងមាំខ្លាំងនៃចរន្តទេសចរក្នុងស្រុកលើសពីការរំពឹងទុក។ ក្នុងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ យើងរំពឹងថាអាចទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណតែ១១លាននាក់ ប៉ុណ្ណោះនៅឆ្នាំ២០២៣ ប៉ុន្តែត្រឹមតែឆ្នាំ២០២២ យើងបានទទួលរួចមកហើយនូវចំនួនភ្ញៀវទេសចរក្នងស្រុករហូតដល់១៣លាននាក់៕