(កណ្តាល)៖ បណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាល និងណែនាំអំពីការងារចុះឃោសនាបោះឆ្នោត ពិសេសពន្យល់អំពីចំណុចសំខាន់ៗ ជាអាទិភាពដែលមានក្នុងខិតបណ្ណ័ផ្សព្វផ្សាយ ស្តីពីកម្មវិធីគោលនយោបាយជាអាទិភាព ៦ចំណុច ដែលជាកម្មវិធីជួយ លើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនប្រចាំថ្ងៃ ដែលបាន និងកំពុងអនុវត្ត និងបន្តអនុវត្តសម្រាប់អាណត្តិថ្មី របស់គណបក្សប្រជាជនកម្ពុជា ជូនដល់សកម្មជនយុវជន ជាប្រធាន អនុប្រធានមណ្ឌលសកម្មភាព ដែលប្រព្រឹតទៅនៅទីស្នាក់ការគណបក្សឃុំចំនួន៥ គឺឃុំវិហារសួគ៌, ឃុំស៊ីធរ, ឃុំកំពង់ចំលង, ឃុំជ័យធំ និងឃុំរកាជន្លឹង តាមកម្មវិធីដោយឡែកៗពីគ្នា។

លោកបណ្ឌិតបានធ្វើការពន្យល់បកស្រាយអំពីចំណុចគន្លឹះសំខាន់ៗ ដែលមានចែងក្នុងកម្មវិធីនយោបាយ ៦ចំណុច ជូនដល់ប្រធានអនុប្រធានមណ្ឌលសកម្មភាព ដើម្បីចុះពន្យល់បន្តដល់ប្រជាជនតាមខ្នងផ្ទះ ដោយប្រើពាក្យសម្រាយ ឲ្យគាត់យល់កាន់តែច្បាស់ អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពិសេសកម្មវិធីនយោបាយជាអាទិភាព ៦ចំណុច ដែលបាននិងកំពុងអនុវត្ត និងបន្តអនុវត្តនៅអាណត្តិថ្មី រួមមាន៖

ទី១៖ ការផ្តល់សេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋងាយរងគ្រោះ គ្រួសារក្រីក្រ

ទី២៖ បណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជន ដូចជា ជំនាញអគ្គិសនី ជំនាញម៉ាស៊ីនត្រជាក់ ជំនាញសំណង់ ផ្នែកអេឡិចត្រូនិច -ល- ដែលអាចរកការងារធ្វើបានភ្លាមៗ

ទី៣៖ កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ

ទី៤៖ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឲ្យប្រជាពលរដ្ឋលក់ដូរក្រៅប្រពន្ធ័មានលទ្ធភាព ចូលរួមសេដ្ឋកិច្ចក្នុងប្រពន្ធ័ ដែលនឹងរៀបចំឲ្យប្រជាពលរដ្ឋជាអ្នកលក់ដូរ រកស៊ីខ្លួនឯង ទទួលបានការគាំពារ និងសេវាថែទាំសុខភាព មានបណ្ណ បសស ឬបណ្ណសមធម៌ សម្រាប់ព្យាបាលជំងឺដោយមិនបង់ថ្លៃ។

ទី៥៖ កម្មវិធីផ្តល់ហិរញ្ញប្បទាន សម្រាប់លើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃផលិតផលកសិកម្ម ពិសេសរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផលមានជាអាទ៍ ស្រូវ, ស្វាយកែវរមៀត, មៀនប៉ៃលិន, ស្វាយចន្ទី, ដំឡូង, ពោត-ល-។

ទី៦៖ បញ្ជូនមន្ត្រីបច្ចេកទេសកសិកម្ម ទៅតាមឃុំទូទាំងប្រទេស ដើម្បីជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដល់កសិករ ឲ្យផលិតស្រូវ ដំឡូង ពោត -ល- ទទួលបានទិន្នផលខ្ពស់ និងកាត់បន្ថយថ្លៃដើម ព្រមទាំទទួលបានប្រាក់ចំណេញ៕