(សៀមរាប)៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅខេត្តសៀមរាប។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីលោក គ្រី យោ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ព្រមទាំងលោក លោកស្រី នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ អង្គភាព និងប្រធាន អនុប្រធានការិយាល័យ ចំណុះសាលាខេត្ត និងសហការីប្រតិភូជាច្រើនចូលរួមផងដែរ។

លោក នាក់ ណេរ៉ុន បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមត្រួតពិនិត្យ ចុះធ្វើសវនកម្មនៅរដ្ឋបាលខេត្តសៀមរាប ក្នុងគោលដៅធ្វើការពង្រឹង និងតម្រងដល់មន្ត្រីរាជការស៊ីវិល លើការអនុវត្តការងារ ដែលមានភារកិច្ចស្នូលរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក នាក់ ណេរ៉ុន បានបន្តថា លទ្ធផលការងារ និងបញ្ហាប្រឈមដែលរដ្ឋបាលខេត្តបានជួបប្រទះក្នុងឆ្នាំកន្លងមក ដោយខេត្តសៀមរាប ជាខេត្តមួយដែលទទួលភារកិច្ចលើសលប់ ខុសពីបណ្តាខេត្តផ្សេងៗ លើការងាររដ្ឋបាល។ ក្នុងនោះដែរ លោកក៏បានសូមឲ្យគ្រប់ទីចាត់ការ អង្គភាព និងការិយាល័យ ចំណុះឱ្យរដ្ឋបាលសាលាខេត្តសៀមរាបទាំងអស់ ត្រូវយកចិត្តទុក្ខដាក់តាមការណែនាំរបស់ក្រុមការងារសវនកម្មផ្ទៃក្នុង។

លោក គ្រី យោ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់លើការចុះធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្នុងពេលខាងមុខនេះ ត្រូវមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព សម្រេចឱ្យបានដូចការរំពឹងទុក ដែលថ្នាក់ដឹកនាំមានទំនុកចិត្តខ្ពស់បំផុត ទៅលើប្រតិភូសវនកម្មផ្ទៃក្នុង និងធ្វើជាសេនាធិការផ្ទាល់ជូនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោក គ្រី យោ បានគូសបញ្ជាក់ អំពីការងាររបស់ប្រតិភូសវនកម្ម ក្រសួង ក្នុងការចុះធ្វើការអង្គេតរាល់កិច្ចការដែលតាមបណ្តារដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ដែលអនុវត្តបានត្រឹមត្រូវទៅតាមលិខិតបទដ្ឋានរបស់ក្រសួង ដោយរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ បានទទួលបៀវត្សពីរាជរដ្ឋាភិបាល។ ម៉្យាងទៀត ការត្រួតពិនិត្យនេះ ផ្តោតសំខាន់ទៅលើភាពអសកម្មរបស់មន្ត្រីតាមរយៈបញ្ជីវត្តមាន និងការលើកសរសើរ លើកទឹកចិត្តមន្ត្រីមានភាពសុក្រិត្យ ឬលំអៀង ធ្វើឲ្យមន្ត្រីមានការអាក់អន់ចិត្ត និងការគ្រប់គ្រងធនធានមនុស្ស ការតម្លើងឋានន្តរស័ក្តមន្ត្រី ការតម្លើងកាំ បានត្រឹមត្រូវជូនមន្ត្រី ប្រកបដោយតម្លាភាព ព្រមទាំងការពិនិត្យទៅលើការងារហិរញ្ញវត្ថុ លើការចំណូល និងចំណាយ បានត្រឹមត្រូវផងដែរ។

ជាមួយនេះដែរ លោកក៏បានសំណូមពរដល់គ្រប់ថ្នាក់ដឹកនាំទីចាត់ការ អង្គភាព និងការិយាល័យ ចំណុះឲ្យរដ្ឋបាលសាលាខេត្តសៀមរាប ចូលរួមកិច្ចសហការ និងបង្កលក្ខណៈងាយស្រួលជូនដល់ក្រុមការងារសវនកម្ម ដោយរយៈពេលការចុះធ្វើនៅរដ្ឋបាលខេត្តសៀមរាប មានរយៈពេលតែមួយសប្តាហ៍ប៉ណ្ណោះ៕