(កំពង់ស្ពឺ)៖ លោក Edgar DOERIG តំណាង OIF ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានគូសបញ្ជាក់ថា អស់រយៈពេល៣០ឆ្នាំកន្លងមកហើយ ដែលប្រទេសកម្ពុជាបានទទួល កងកម្លាំងរក្សាសន្តិភាព ឥឡូវកម្ពុជា បានក្លាយខ្លូនជាប្រទេសយ៉ាងសំខាន់ ក្នុងប្រតិបត្តិការសន្តិភាព របស់ អ.ស.ប មានកងកម្លាំងកម្ពុជា ជាង៨០០នាក់ បានកំពុងបំពេញបេសសកកម្ម។ ជំនាញ វិជ្ជាជីវៈ របស់កងយោធពលខេមរភូមិន្ទ ឥឡូវនេះត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

ការគូសបញ្ជាក់បែបនេះរបស់តំណាង OIF ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានធ្វើនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោករួមជាមួយលោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកJacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា អញ្ជើញបើកវគ្គបណ្តុះបណ្តាលភាសាបារាំង ដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ មជ្ឈមណ្ឌលជាតិ។

លោក Edgar DOERIG បានបន្តថា ការងារដើម្បីថែរក្សាសន្តិភាព សន្តិសុខ ដោះស្រាយវិបត្តិ នៅក្នុងតំបន់និយាយភាសាបារាំង ប្រទេសកម្ពុជាបាននាំមកនូវមូលដ្ឋានគ្រឹះរបស់ខ្លួន ដល់ការកសាង ការរក្សាសន្តិភាព និងការអនុវត្តជាក់ស្តែង ស្របតាមសេចក្តីថ្លែងការណ៍ Saint Boniface ស្តីពីការការពារជម្លោះ និងសន្តិសុខ ដែលបានអនុម័តក្នុងឆ្នាំ២០០៦ ដោយប្រមុខរដ្ឋ នៃសមាជិករបស់ OIF។

ក្នុងនាម OIF សម្រាប់ការបណ្តុះបណ្តាលនេះតាមតម្រូវការរបស់ NPMEC ដើម្បីពង្រឹងជំនាញភាសា ដល់នាយទាហានដែលត្រៀមចេញទៅបំពេញបេសសកម្ម របស់ អ.ស.ប ក្នុងតំបន់និយាយភាសាបារាំង។ ជាការពិតណាស់ ការចេះភាសាបារាំងគឺជាស្ពានដ៏សំខាន់មួយដែលនាំមកនូវបង្កើតចំណងទំនាក់ទំនង ការជឿទុកចិត្ត ជាមួយអាជ្ញាធរដែនដី ប្រជាជន បង្កើនប្រសិទ្ធភាពប្រតិបត្តិការរក្សាសន្តិភាព ការប្រាស្រ័យទាក់ទង និងវប្បធម៌ក្នុងតំបន់។ ភាពស្ទាត់ជំនាញវាជួយសម្រួលដល់ការជួយគ្នាទៅវិញទៅមក ជាមួយកងកម្លាំងដៃគូរ ព្រមទាំងរួមចំណែកដល់ការកសាងសន្តិភាព និងស្ថិរភាពយូរអង្វែង។ 

លោក អ៊ូច បូរិទ្ធ បានលើកឡើងថា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៣១ នៃវត្តមានកងយោធាមួកខៀវអង្គការសហប្រជាជាតិនៅលើទឹកដីកម្ពុជា ដែលក្នុងនោះក៏មានវត្តមានកងកម្លាំងរក្សាសន្តិភាពបារាំង ក្នុងការចូលរួមចំណែកជួយរក្សាសុខសន្តិភាពនៅលើទឹកដីដ៏កំសត់ ដែលពោរពេញដោយជម្លោះ និងការហែកហួរដោយសង្គ្រាម។

លោកបានរំលឹកថា នៅខែកញ្ញា ឆ្នាំ១៩៩៣ ក្រោយពីកងយោធាមួកខៀវអង្គការសហប្រជាជាតិត្រូវបានដកចេញពីទឹកដីកម្ពុជា កងកម្លាំងយោធាខ្មែរក្រហម ប៉ុល ពត នៅតែបន្តវាយប្រហាមកលើប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ចុងឆ្នាំ១៩៩៨ ទើបកម្ពុជាបានស្គាល់ពន្លឺនៃការបង្រួបបង្រួមជាតិ ការឯកភាពជាតិពិតប្រាកដ និងសន្តិភាពពេញលេញទូទាំងប្រទេស ដោយសារនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម និងឈ្លាសវៃ របស់កម្ពុជា។

ជាមួយគ្នានេះដែរ លោក អ៊ូច បូរិទ្ធ ដោយទទួលបាននូវសមិទ្ធផលដ៏ធំធេងនៅក្នងការអភិវឌ្ឍប្រទេសជាតិក្រោមម្លប់សន្តិភាព ដោយមានបំណងប្រាថ្នាចែករំលែកបទពិសោធន៍ក្នុងស្មារតីមនុស្សធម៌ សំដៅរួមចំណែកបន្ធូរបន្ថយការលំបាកនិងទុក្ខវេទនារបស់ប្រជាជននៅក្នុងបណ្តាប្រទេសនៅក្នុងពិភពលោកដែលទទួលរងផលប៉ះពាល់ដោយសារសង្គ្រាម កម្ពុជាបានប្រែក្លាយពីប្រទេសមួយដែលធ្លាប់ទទួលកងយោធាមួកខៀវ អង្គការសហប្រជាជាតិ  ជាប្រទេសដែលបញ្ជូនកងកម្លាំងរបស់ខ្លួនក្រោមឆត្រអង្គកាសហប្រជាជាតិ ចូលរួមក្នុងប្រតិបតិ្តការរក្សាសន្តិភាពក្នុងបណ្តាប្រទេសមួយចំនួនដែលរងដោយជម្លោះ និងអស្ថិរភាព។

លោកបានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរៀបចំការអនុវត្តវគ្គហ្វឹកហ្វឺន ដោយម្ចាស់ការខ្លួនឯង ជាមួយនិងការជួយឧបត្ថម្ភគាំទ្រពីសំណាក់ប្រទេសជាមិត្ត តូច-ធំ ដែលស្នេហាសន្តិភាព ជាពិសេសពីសាធារណរដ្ឋបារាំង នៅក្នុងរយៈពេល១៧ឆ្នាំ គិតចាប់ពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកម្លាំងសារុបចំនួន ៩,១៩៧នាក់ ដែលក្នុងចំនួននេះមានស្ត្រីចំនួន ៧២២នាក់ ទៅចូលរួម ១១បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុង៩ប្រទេស នៅក្នុងតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប។

លោក អ៊ូច បូរិទ្ធ បានលើកឡើងថា ការរួមវិភាគទានដ៏ថ្លៃថ្លាក្នុងស្មារតីមនុស្សធម៌របស់កងយោធាមួកខៀវកម្ពុជានេះ បានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់នៅក្នុងការបំពេញបេសកកម្មរបស់ខ្លួន បើទោះជាត្រូវប្រឈម និងគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងណាក៏ដោយ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សជាតិនៅលើសកលលោក៕