(ភ្នំពេញ)៖ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋយូថា នៅសហរដ្ឋអាមេរិក នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវ រីយ៍លើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីក្រុងសលឡេក រដ្ឋយូថា សហរដ្ឋអាមេរិក។ ពិធីនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា បក្ស និងភ្ញៀវកិត្តិយស ជាបន្តបន្ទាប់ហូរហែរប្រមាណជាង២០០ នាក់។

ក្នុងពិធីដ៏វិសេសវិសាលនិងមានអត្ថន័យនេះ លោក សេង សេដ្ឋា ប្រធានគណៈកម្មាធិការសាខាបក្ស បានសម្តែងនូវមតិសំណេះសំណាលស្វាគមន៍ ក៏ដូចជាសុំអនុញ្ញាតពីអង្គពិធីទាំងមូល ដើម្បីអាននូវសេចក្តីថ្លែងការណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងរំឭកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសផងនេះដែរ លោក សេង សេដ្ឋា ប្រធានសាខាបក្ស ក៏បានសម្តែងនូវមនោសញ្ចេតនាដឹងគុណ និងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្ស ប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក ដែលតែងតែយកចិត្តទុកដាក់ខ្វល់ខ្វាយពីសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋ នៅក្រៅប្រទេស ជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម មិក សាផាណារេត ប្រធានក្រុមការងារទទួលបន្ទុករដ្ឋយូថា សម្រាប់ការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ ប្រាកដប្រជា និងរស់រវើកដែលនាំអោយគណបក្សប្រជាជនប្រចាំរដ្ឋយូថា រីកធំធាត់ និងរឹងមាំ យ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះដែរ លោក ឌី ដេត ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋយូថា ក៏បានមានមតិ សំណេះសំណាល និងបានអំពាវនាវឱ្យ សមាជិក សមាជិកា  គណបក្ស ប្រចាំរដ្ឋយូថាទាំងអស់ បន្តគាំទ្រយ៉ាង ស្មោះស្ម័គ្រ ចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវជម្រុញអោយញាតិមិត្ត បងប្អូនដែលកំពុងរស់នៅ ប្រទេសកម្ពុជា ត្រូវចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នាជាពិសេសត្រូវបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។

លើសពីនេះ លោក ឌី ដេត ប្រធានយុវជន ក៏បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា បក្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរ-អាមេរិក ដែលកំពុងរស់នៅរដ្ឋយូថាទាំងអស់ ពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល, លោក ម៉ឹង ពន្លក ប្រធានក្រុមការងារនៅសហរដ្ឋអាមេរិក, លោក ស សេរីវិចិត្រ ប្រធានក្រុមការងារទទួលបន្ទុកតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក, លោក មិក សាផាណារេត ប្រធានក្រុមការងារទទួលបន្ទុករដ្ឋយូថា៕