(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាផ្លូវបេតុង ប្រវែង ១៨គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

អភិបាលស្រុកស្រីសន្ធរ រលោក ស៊ីម គង់ បានឱ្យដឹងថា ផ្លូវបេតុងប្រវែង ១៨.២៤គីឡូម៉ែត្រ គឺស្ថាបនា២ខ្សែ ដោយខ្សែទី១ ប្រវែង ១១.០៤គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ និងខ្សែទី២ ប្រវែង ៧.២គីឡូម៉ែត្រ ពីឃុំព្រែកដំបូក ដល់ឃុំបារាយណ៍ ស្រុកស្រីសន្ធរ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ផ្លូវទាំងពីរខ្សែនេះ បច្ចុប្បន្នស្ថាបនាបាន ៦០% ហើយ។ ផ្លូវនេះផងដែរ ពិតជាមានសារៈសំខាន់ និងបានតភ្ជាប់ឃុំបារាយណ៍ ដែលជាឃុំដាច់ស្រយាលមួយរបស់ស្រុកស្រីសន្ធរ និងជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ស្រុកស្រីសន្ធរ ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករពីផ្នែកខាងក្នុងមកកាន់ទីផ្សារ។

គោបញ្ជាក់ផងដែរថា នៅថ្ងៃដដែលនេះ លោក អ៊ុន ចាន់ដា បានអញ្ជើញចុះពិនិត្យផ្លូវដែលត្រូវស្ថាបនាបន្ថែម នៅក្នុងឃុំព្រែកតានង់ ស្រុកកោះសូទិន ផងដែរ៕