(កំពង់ឆ្នាំង)៖ ក្រុមការងារថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ឆ្នាំង ដែលមានលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជាប្រធាន នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារបន្តចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតាមបណ្ដាមូលដ្ឋានជាច្រើនក្នុងស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ។

នៅក្នុងឱកាសចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋានក្នុងស្រុកទាំង២ខាងលើនេះ លោកបណ្ឌិតសភាចារ្យ ក៏បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋដោយរំលឹក និងបង្ហាញជូនដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានាជាច្រើនដែលរាជរដ្ឋាភិបាលបានកសាង និងអភិវឌ្ឍកន្លងមក ក្នុងនោះមានទាំងមន្ទីរពេទ្យ, មណ្ឌលសុខភាព, សាលារៀនចាប់ពីថ្នាក់មតេយ្យ ដល់ថ្នាក់ឧត្តមសិក្សា, វត្តអារាម,។ល។ ពិសេសផ្នែកហេដ្ឋារច នាសម្ព័ន្ធផ្លូវ ថ្នល់ ដែលក្នុងនាមលោកជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ គឺលោកបានកសាងសមិទ្ធផលជាច្រើននៅទូទាំងប្រទេស តាំងពីខេត្តក្រុងរហូតដល់មូលដ្ឋានទីជនបទផងដែរ។

លោកបានបញ្ជាក់ទៀតថា ផែនការអភិវឌ្ឍនេះ ក្រសួងមានគម្រោង និងផែនការអភិវឌ្ឍន៍លើគ្រប់វិស័យជាច្រើនទៀតនៅទូទាំងប្រទេស ពិសេស គឺហេដ្ឋារចនាសម្ព័ន្ធដោយធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល ដែលជាតម្រូវការចាំបាច់របស់ប្រជាប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ឬដឹកកសិផលផ្សេងៗឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយដោយមិនមានការលំបាកនោះឡើយ។

លោកបណ្ឌិតសភាចារ្យ បានបន្តថា ការរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋយើងលោកបានឃើញច្បាស់ផ្ទាល់នឹងភ្នែកស្រាប់ហើយ ទាំងការរស់នៅប្រកបដោយសុខសន្តិភាព ទាំងការរីកច ម្រើនចំពោះសមិទ្ធផលនានា ទាំងអស់នេះក៏ដោយសារក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកបានខិតខំលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ តាំងពីការរំដោះប្រទេស ពីបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយបង្កើតឱ្យមានសុខសន្តិភាព និងធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពសម្បូរសប្បាយមកដល់ពេលបច្ចុប្បន្ននេះ មិនតែប៉ុណ្ណោះ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន នឹងបន្តការពារសុខសន្តិភាព នឹងធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យរឹតតែមានភាពសម្បូរសប្បាយជាបន្តទៀត។

លោកបណ្ឌិតសភាចារ្យ ក៏សូមបងប្អូនប្រជាពលរដ្ឋកុំភ្លេចអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២ ០២៣ ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ រូបសញ្ញាទេវតាបាចផ្កា៕