(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០១៦ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Guoming អគ្គលេខាធិការរង នៃសភាតំណាង ប្រជាជនចិនទូទាំងប្រទេស។
លោក ឡេង ប៉េងឡុង បានថ្លែងអំណរគុណចំពោះ លោកអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានសភាប្រជាជនចិន ដែលបានជំរុញនិងគំាទ្រលើកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រទេសទំាងពីរនាពេលកន្លងមក។
លោកអគ្គលេខាធិការបានលើកឡើងថា រដ្ឋសភាកម្ពុជានិងចិន បានចុះអនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការជាមួយគ្នា(MOU) តាំងពីឆ្នាំ២០០៧ មកម្ល៉េះ នៅគ្រប់កម្រិត ប៉ុន្តែ ១០ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាង អគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងពីរប្រទេស (កម្ពុជា-ចិន) នៅមិនទាន់បានអនុវត្តឱ្យបានល្អ ស៊ីជម្រៅនៅឡើយទេ។
លោក ឡេង ប៉េងឡុង បានស្នើដល់ភាគីចិន ពង្រឹងពង្រីកលើការអនុវត្តកិច្ចព្រមព្រៀង ដែលបានធ្វើកន្លងមក ដោយលោកបានស្នើឱ្យ មានការផ្លាស់ប្តូរដំណើរទស្សនកិច្ច គ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានសភាប្រជាជនចិន។
ជាមួយគ្នានេះលោក ឡេង ប៉េងឡុង ក៏បានស្នើដល់ លោក Chen Guoming សូមឱ្យអគ្គលេខាធិការដ្ឋាន សភាតំណាងប្រជាជនចិន ជួយបណ្តុះបណ្តាលមន្រ្តីរដ្ឋសភាកម្ពុជា លើជំនាញភាសាចិន ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) កម្រិតខ្ពស់ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋសភា។
ជាការឆ្លើយតប លោក Chen Guoming បានគំាទ្រចំពោះការលើកឡើង ពីការដែលត្រូវបន្តពង្រឹង ពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងពីរប្រទេស ដោយក្នុងនោះត្រូវជំរុញឲ្យ មានការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងអគ្គលេខាធិការដ្ឋានសភាទំាងពីរ។
លោកអគ្គលេខាធិការរង បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់អគ្គលេខាធិការដ្ឋាន រដ្ឋសភាកម្ពុជាមកកាន់ សាធារណរដ្ឋប្រជាមានិតចិន នៅពេលនេះ។ លោក Chen Guoming បានប្តេជ្ញាចិត្តក្នុងការដោះស្រាយ រាល់សំណើដែលលោក ឡេង ប៉េងឡុង បានលើកឡើង។
នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទំាងពីរបានរម្លឹកពីចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការជាប្រពៃណី រវាងប្រទេសទំាងពីរដែលមានតំាងពីយូរមកហើយ ពោលគឺ បានកើតឡើងនៅពេល ដែលកម្ពុជា ដឹកនាំដោយ អតីតព្រះប្រមុខ ព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងអតីតប្រមុខដឹកនាំកំពូលចិន គឺលោកប្រធាន ម៉ៅ សេទុង និងនាយករដ្ឋមន្រ្តី ជូ អេនឡាយ មកម្ល៉េះ។
តាមរយៈលោក Chen Guoming លោក ឡេង ប៉េងឡុង បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ចំពោះលោកអគ្គលេខាធិការសភាប្រជាជនចិន ព្រមទំាងបានលើកឡើងពីការគោរពគាំទ្រគ្ នាទៅវិញទៅមករវាង ប្រទេសទំាងពីរ ក្នុងនោះជំហររបស់កម្ពុជា ដែលបានប្រកាន់នយោបាយចិនតែមួយ។ ចំពោះរដ្ឋសភាកម្ពុជា និងរដ្ឋសភាចិន គឺនៅតែបន្តគំាទ្រគ្នា និង ពង្រឹងពង្រីកទំនាក់ទំនងគ្នា លើការងារផ្ទៃក្នុង និងអន្តរជាតិតាមរយៈវេទិកាសភានានា ដូចជាAPPF, APA, IPU, AIPA ជាដើមនោះ៕