(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគម នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាព ក្រុមការងារគ្រប់គ្រង និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្តិតិព្រឹទ្ធបណ្ឌិត ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា, សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យលីមកុកវីង (ក្រុម២)។

ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងគ្រឹះស្ថានសិក្សា និងសមាជិក សមាជិកានៃក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត សរុបប្រមាណ៧០នាក់។

លោក ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុម២) បានថ្លែងថា ដោយមើលឃើញ វិស័យអប់រំ គឺជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដទៃៗទៀត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្កើតកម្មវិធីអាហារូបករណ៍ ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងពង្រីកធនធានមនុស្សកម្ពុជា នៅឆ្នាំ២០០៧ សម្តេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីជាយន្តការស្ថាប័ន ក្នុងការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតក្រីក្រ ដោយឥតគិតថ្លៃ។

លោកបានបន្ថែមទៀតថា ដោយពីមួយឆ្នាំទៅមួយឆ្នាំ ចំនួននិស្សិតអាហារូបករណ៍សម្តេចទាំងទ្វេរ មានការកើនឡើង ជាលំដាប់ រហូតនៅឆ្នាំ២០១៤ សម្តេចតេជោ បានចង្អុលបង្ហាញឱ្យបង្កើតសមាគមមួយឈ្មោះថា សមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្តិតិព្រឹទ្ធបណ្ឌិត ហៅកាត់ថា សមាគម (អ.ម.ត) ដើម្បីចងក្រងនិស្សិតអាហារូបករណ៍សម្តេចទាំងទ្វេ ទាំងកំពុង និងបញ្ចប់ការសិក្សាបង្កើតឱ្យមានអត្តសញ្ញាណរួមគ្នាមួយ ដើម្បីធ្វើកិច្ចការដែលមានអត្ថប្រយោជន៍ដល់សង្គមជាតិ និងនិស្សិត។

លោកបានបន្តថា ក្រោមការគិតគូររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត លើការសិក្សារបស់និស្សិត បានសម្រេចបង្កើតឱ្យមានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត តាមបណ្តាគ្រឹះស្ថានសិក្សា ដើម្បីតាមដានត្រួតពិនិត្យការសិក្សា និងសកម្មភាពរបស់និស្សិត។

លោក ឡាវ វ៉ាន់ និងសមាជិក សមាជិកថ្មី ចំនួន៤៧រូប បានប្តេជ្ញាថែរក្សានូវសមិទ្ធិផលរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាពិសេស គឺការរិះរកមធ្យោបាយដើម្បីជំរុញនិស្សិត ដែលបានទទួលអាហារូបករណ៍ ដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរ រៀនបានចប់ចុងចប់ដើម ឱ្យក្លាយជាធនធានមនុស្សកម្ពុជាពិតប្រាកដ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ការការពារសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។

ថ្លែងក្នុងឱកាសនោះ លោក សុខ ពុទ្ធិវុធ បានពាំនាំនូវការថ្លែង អំណរគុណពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដល់គ្រឹះស្ថានសិក្សា ដែលបានផ្តល់អាហារូបករណ៍ជូន សម្តេចតេជោ ដែលនេះជាការចូលរួមចំណែកមួយក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា។

លោកបានបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី បានកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសធ្វើឱ្យកម្ពុជា លេចមុខមាត់នៅលើឆាកអន្តរជាតិថែមទៀតផង។

លោក សុខ ពទ្ធិវុធ បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ដែលបានខិតខំបំពេញ តួនាទី-ភារកិច្ច របស់ខ្លួនបន្ថែមពីនេះ លោកក៏លើកទឹកចិត្ត ដល់ក្រុមការងារ បង្កើនការខិតខំបន្ថែមទៀត ដើម្បីចូលរួមជាកម្លាំងចលករក្នុងការអភិវឌ្ឍសង្គមជាតិ៕