(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយសហព័ន្ធពុទ្ធសាសនាអន្តរជាតិ (IBC) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីបុណ្យអាសាឡ្ហបូជា ឬបុណ្យរំលឹកគុណគ្រូ ដែលជាថ្ងៃគួរជាទីសក្ការៈបំផុតទីពីរ សម្រាប់ពុទ្ធសាសនិកទូទាំងពិភពលោក។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីព្រះតេជគុណ ឈួន សាវឿន សាលកវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងព្រះតេជគុណ ឌិត វីរៈ ជំនួយការរដ្ឋលេខាធិការ និងព្រឹទ្ធបុរស ពុទ្ធិកសាលកវិទ្យាល័យព្រះសីហនុរាជ និងលោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌាប្រចាំកម្ពុជា រួមជាមួយនឹងឥស្សរជនកម្ពុជាដទៃទៀតផងដែរ។

ពិធីបុណ្យអាសាឡ្ហបូជា ក៏ជាការរំលឹកទៅដល់ធម្មទេសនាលើកដំបូង ឬការបង្វិលកង់ចក្កដំបូងនៃព្រះធម៌។ ព្រះសម្មាសម្ពុទ្ធទ្រង់បានសំដែងធម្មទេសនានេះដល់បញ្ចវគ្គីភិក្ខូសាវកទាំងប្រាំនាក់ដំបូងនៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី នៅប្រទេសឥណ្ឌា។ នៅទីនោះព្រះពុទ្ធ​អង្គ​ទ្រង់​បានសម្តែងនូវ​អរិយ​សច្ចធម៌​ទាំង​បួន អដ្ឋង្គិកមគ្គទាំងប្រាំបី ជាផ្លួវព្រះអរិយទាំងឡាយដំណើរដោយល្អតែងនាំកាយ ទៅកាន់ព្រះនិព្វាន ឬ​ផ្លូវ​កណ្តាល​គឺ​ការ​ប្រាសចាកនូវអន្តធម៌គឺជាធម៌ជាផ្លូវប្រតិបត្តិអមខាងដ៏លាមកទាំងឡាយពីរប្រការៈ គឺធម៌ណាដែលធ្វើខ្លួនឲ្យជាប់ជំពាក់ក្នុងកាមទំាងឡាយមួយ និងធម៌ណាដែលប្រកបដោយសេចក្តីលំបាកដល់ខ្លួនមួយ។

លើកឡើងនាឱកាសនោះលោកស្រីបណ្ឌិត Devyani Khobragade ថ្លែងទៅកាន់អ្នកចូលរួមថា ទិវានេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីគោរពការដឹងគុណដល់លោកគ្រូ អ្នកគ្រូ អមដោយការចាក់បញ្ចាំងវីដេអូខ្លីស្តីពីផ្លូវព្រះពុទ្ធនិងមាគ៌ានៃមេត្តាករុណា និងអនាគតនៃមជ្ឈមណ្ឌលអន្តរជាតិនៃវប្បធម៌និងបេតិកភណ្ឌព្រះពុទ្ធសាសនាឥណ្ឌា (IICBCH) ដែលត្រូវបានរៀបចំឡើងនៅ សួន​លុម្ពិនីប្រទេសនេប៉ាល់។ ជានិមិត្តរូបនៃការរួមចំណែករបស់ឥណ្ឌាចំពោះទីកន្លែងកំណើតរបស់ ព្រះ​សិទ្ធត្ថគោតម ក៏ដូចជា រយៈពេល ១០ឆ្នាំនៃសហការជាមួយសហព័ន្ធពុទ្ធសាសនាអន្តរជាតិ (IBC) ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១២ ។

ស្ថានទូតឥណ្ឌា រាជធានីភ្នំពេញ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធនានានៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងព្រះពុទ្ធសាសនា និងវប្បធម៌រវាងឥណ្ឌា និងកម្ពុជា។ ថ្មីៗនេះកិច្ចប្រជុំកំពូលពុទ្ធសាសនិកពិភពលោកត្រូវបានរៀបចំដោយជោគជ័យដោយសហព័ន្ធពុទ្ធសាសនាអន្តរជាតិ(IBC) នៅទីក្រុងញូវដេលី ហើយអ្នកចូលរួមផ្សេងៗនិង មេដឹកនាំព្រះពុទ្ធសាសនាជាច្រើនរូបមកពីជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។

ព្រះតេជគុណ ឈួន សាវឿន សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក៏បានមានសង្ឃដីកាបន្ថែមពីសារៈសំខាន់នៃធម្មចក្កប្បវត្តនសូត្រ និងការនិមន្តចូលវស្សា ព្រះតេជគុណថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌាក្នុងការផ្តល់ជំនួយហិរញ្ញបទានក្នុងបង្កើតមជ្ឈមណ្ឌលពត៌មានវិទ្យា នៅពុទ្ធិកសាកលវិទ្យាដើម្បីជាប្រយោជន៍ដល់សមណនិស្សិន និងនិស្សិតបានសិក្សារៀនសូត្រផងដែរ៕