(ភ្នំពេញ)៖ ក្រុមហ៊ុន ទ្រូ ម៉ាន់នី (True money) និងក្រុមហ៊ុន PayGo Sea Cambodia C0.,Ltd នៅថ្ងៃទី២៦ ខែកក្កដា នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្ដីពីសហប្រតិបត្ដិការអាជីវកម្ម លើសេវាថ្លៃបង់វិក្កយបត្រជាសាធារណៈ ដើម្បីបង្កើតភាពងាយស្រួល ដល់អតិថិជនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ក្នុងការទូទាត់សាច់ប្រាក់លើ ការចំណាយនានាបាន ក្នុងតម្លៃសមរម្យបំផុត។
លោក Salik subedi ប្រធានក្រុមហ៊ុន PayGo Sea Cambodia Co.,Ltd បានថ្លែងថា PayGo ជាក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅក្នុងស្រុក ដែលដំណើរការនៅក្រោមអាជ្ញាប័ណ្ណភាគីទី៣ របស់ធនាគាABA ហើយពេលនេះ យើងបានការសហគ្នាជាមួយនឹងទ្រូម៉ាន់នី ដើម្បីបម្រើសេវាកម្មបង់វិក្កយបត្រ លើសេវាកម្មអ៊ីនធឺណែត ,ការបញ្ជូលកាតទូរស័ព្ទ ,ការទូទាត់វិក្ក័យបត្រអគ្គិសនីកម្ពុជា ,បង់រំលោះគ្រឹះស្ថានហិរញ្ញវត្ថុ ,បង់វិក្កយបត្រសាលារៀន និងមានសេវាកម្មផ្សេងៗទៀត ពិសេសងាយស្រួលដល់អតិថិជនរបស់ PayGo ផ្ទាល់តែម្ដង សម្រាប់ធ្វើការផ្ទេរប្រាក់ ចេញពីគណនីPayGo ទៅកាន់គណនីទ្រូម៉ានី ឬផ្ទេរប្រាក់ចេញ និងករណីផ្សេងទៀត។
លោកបន្ដថា «ការចុះកិច្ចព្រមព្រៀងក្នុងថ្ងៃនេះ កាន់តែបង្កើនភាពងាយស្រួល បន្ថែមមួយកម្រិតទៀត ដែលអាចជួយសន្សំសំចៃពេលវេលា របស់ប្រជាពលរដ្ឋកម្ពុជា កាន់តែរហ័សទាន់ចិត្ដ ដោយភាពជឿជាក់ និងសុវត្ថិភាពខ្ពស់១០០% ផងដែរ»។
ទន្ទឹមនឹងនោះ លោក គង់ មាន នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនទ្រូម៉ាន់នីប្រចាំកម្ពុជាបានថ្លែងថា «យើងដឹងហើយថា លឺតែពាក្យថា ទ្រូម៉ាន់នី ពីណាក៏គេដឹងថា គឺដាក់ស្រួលដកស្រួល និងមានសុវត្ថិភាព ហើយពេលនេះ យើងមានភ្នាក់ងារប្រមាណជាង៥០០០ទីតាំងនៅទូទាំងកម្ពុជា ដែលនៅរង់ចាំបម្រើសេវាកម្ម ជូនអតិថិជនផងដែរ ហើយនៅថ្ងៃខាងមុខនេះយើងនឹងពង្រីក ទីតាំងបន្ថែមទៀត រួមជាមួយនឹងការបង្កើតកម្មវិធីពិសេស បន្ថែមទៀតនោះគឺ Mobile App លើទូរស័ព្ទប្រភេទ Android ហើយយើងនឹងបន្ថែមទៅលើ iOS នៅខែក្រោយនេះ»។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ក្រុមហ៊ុន ទ្រូ ម៉ាន់នី មានដៃគូសហការប្រមាណ២៦ នៅកម្ពុជា ដែលនេះជាការបោះជំហ៊ានយ៉ាងលឿន បំផុតគួរឲ្យកត់សម្គាល់ ជាមួយនឹងយុទ្ធសាស្ដ្រ ដ៏ប៉ិនប្រសព្វរបស់ខ្លួន ដោយបានវត្ដមានលើទីផ្សារក្នុងរយៈពេលខ្លីតែ ទទួលបានជោគជ័យ ហួសពីការរំពឹងទុកទៅទៀត ហើយពេលនេះ ក្រុមហ៊ុនមួយនេះ មានការិយាល័យនៅក្រៅប្រទេស ចំនួន៥ថែមទៀត គឺ ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម ហើយក្រុមហ៊ុននឹងពង្រីកអាជីវកម្មខ្លួន នៅគ្រប់ប្រទេសទាំងអស់ទូទាំងអាស៊ាន នៅចុងឆ្នាំ២០១៦នេះ៕