(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានបអញ្ជើញក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាននិ ងសេវាកម្មផ្សេងៗទៀត និងកកើតឡើង នៅក្រោមដី នាសួនច្បារសាធារណៈមួយជិតផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ។ នេះជាសមិទ្ធផលថ្មីមួយទៀត មិនធ្លាប់មានកន្លងមកនៅក្នុងខណ្ឌដូនពេញ ក្រោមម្លប់សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន រកបានមកដោយលំបាក។

នាឱកាសនោះដែរ លោក ឃួង ស្រេង បានលើកឡើងថា ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានស្ថាបនាឡើងដោយក្រុមហ៊ុន អុីឌីស៊ីផូ (ខេមបូឌា) ដែលជាក្រុមហ៊ុនក្នុងស្រុក។ គម្រោងនេះក្រុមហ៊ុនបានបណ្ដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនដែលមានទាំងចំណតសាធារណៈ ផ្សារទំនើប និងសេវាកម្មផ្សេងៗ ស្ថិតនៅខាងក្រោមដី ដែលជាគម្រោងថ្មីមួយមិនធ្លាប់មានឡើយ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។ គម្រោងនេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ចុងអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាយ៉ាងពិតប្រាកដ។

លោក ឃួង ស្រេង បានបន្តថា៖ «ខណ្ឌដូនពេញ នាពេលបច្ចុប្បន្ន បានក្លាយជាចំណុចប្រសព្វដ៏សំខាន់ និងជាតំបន់លំនៅឋាន-ពាណិជ្ជកម្មដ៏ធំមួយ ចំកណ្តាលបេះដូងរាជធានីភ្នំពេញ ដែលមានលំហូរចរាចរណ៍យានយន្តធ្វើដំណើរលើដងផ្លូវយ៉ាងមមាញឹក ស្ទើរតែគ្រប់ពេលវេលា និងមានចរន្តនៃការដោះដូរទំនិញ សេវាកម្មទាំងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិយ៉ាងសកម្មបំផុត រួមមាន៖ វិស័យធនាគារ ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម-សេវាកម្មទំនើប, ការស្តុកទុក ចែកចាយផលិតផលសម្រេចក្នុងស្រុក និងបរទេស ព្រមទាំងការជួញដូរក្នុងទីផ្សារចម្រុះ ជាដើម ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យទីក្រុងរបស់យើង កាន់តែមានភាពរស់រវើក ទាក់ទាញ និងមមាញឹកបំផុត។ ដូច្នេះ ការដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ ចំណតសាធារណៈ និងការវិនិយោគបែបប្រណីត គឺជាជម្រើសដ៏គាប់ប្រសើរសម្រាប់រាជធានីភ្នំពេញ ក្នុងសតវត្សរ៍ថ្មីនេះ»

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងសាងសង់ចំណតរថយន្ត និងផ្សារទំនើបនៅខាងក្រោមដីរបស់ក្រុមហ៊ុន អុីឌីស៊ីជូតា (ខេមបូឌា) នាពេលនេះ គឺជាការរួមចំណែកដ៏ល្អរបស់វិស័យឯកជន ក្នុងភាពជាដៃគូជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយនូវបញ្ហាចំណតសាធារណៈក្នុងទីក្រុង បង្កើតជម្រើសធុរកិច្ចជូនបងប្អូនអាជីវករ កាន់តែសម្បូរបែប និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រង និងស៊ីវិល័យបន្ថែមទៀត ព្រោះថាមុននេះយើងធ្លាប់តែលឺអំពីចំណតរថយន្ត និងផ្សារទំនើបក្រោមដី នៅតាមបណ្តាទីក្រុងនៃប្រទេសអភិវឌ្ឍន៍ ប៉ុន្តែឥឡូវទីក្រុង របស់យើងក៏នឹងមានសមិទ្ធផលថ្មីនេះ ក្រោមម្លប់នៃ «សន្តិភាព» របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីយ៉ាងពិតប្រាកដ។

លោកស្រីឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុន អុីឌីស៊ីជូតា (ខេមបូឌា) បានលើកឡើងដែរថា ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាល ដោយសាងសង់ចំនួន៤ជាន់ ២ជាន់ជាចំណតរថយន្ត ២ជាន់ទៀតជាផ្សារទំនើប លើផ្ទៃដីទំហំ ៣៣,១២០ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន៥១៦គ្រឿង។ គោលបំណងដែលក្រុមហ៊ុន អុីឌីស៊ីជូតា (ខេមបូឌា) បង្កើតឡើងនូវគម្រោងខាងលើនេះ គឺដើម្បីចូលរួមកាត់បន្តយ ការកកស្ទះចរាចរ និងបង្កើតមុខរបរឱ្យអាជីវករតូចតាច អាចប្រកបមុខរបរលក់ដូរនៅក្នុងអគារក្រោមដីនេះបាន៕