(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កង្វះកម្លាំងពលកម្មជំនាញ ការកសាង សមត្ថភាព និងការចំណាយលើការដឹកជញ្ជូនខ្ពស់ នៅតែជាបញ្ហាប្រឈមមួយនៅក្នុងកម្ពុជាពាក់ព័ន្ធនិងវិស័យធុរកិច្ច។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ លោកទេសរដ្ឋមន្រ្តី បានស្នើក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួយកសាងសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។
សំណើរបស់លោកទេសរដ្ឋមន្រ្តី បានធ្វើឡើងក្នុងពេល ដែលលោកបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក Alexander Feldman ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន ដោយមានការអមដំណើរពី ក្រុមហ៊ុនរបស់អាមេរិក មួយចំនួនដែលរួមមាន៖ ក្រុមហ៊ុន Coca-Cola ក្រុមហ៊ុន Conoco Philips ក្រុមហ៊ុន Ford ក្រុមហ៊ុន GE ក្រុមហ៊ុន Herbalife ក្រុមហ៊ុន Procter & Gamble ក្រុមហ៊ុន RMA Group និង ក្រុមហ៊ុន VISA នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
បើតាមទំព័រ Facebook របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ជំនួបនេះ បានពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសរបស់កម្ពុជា ក្រោយពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ការពង្រឹងឱកាសចូលរួមពីភាគីពាក់ព័ន្ធ នៃវិស័យឯកជនក្នុងកិច្ចដំណើរការបង្កើតគោលនយោបាយ និង ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង កសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានជម្រាបជូនគណៈប្រតិភូ អំពីការធ្វើកំណែទម្រង់ និងគម្រោងនានាពេលបច្ចុប្បន្ន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលរួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការបន្ត រវាងកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានផងដែរ។
ក្នុងកិច្ចពិភាក្សានេះ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ក៏បង្ហាញបំណងចង់ដឹងពីគោលនយោបាយនាំរថយន្តជជុះចូលប្រទេសកម្ពុជាផងដែរ។
គណៈប្រតិភូបានលើកឡើងថា បណ្តាប្រទេសអាស៊ាន ភាគច្រើនមិនអនុញ្ញាតឱ្យនាំរថយន្ដជជុះចូលប្រទេសរបស់គេនោះឡើយ ក្នុងគោលបំណងទប់ស្កាត់ការបំពុលបរិស្ថាន និងធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពចរាចរណ៍។
ឆ្លើយតបនិងការចង់ដឹងពីគោលនយោបាយ នៃការនាំចូលរថយន្តជជុះនេះ លោកទេសរដ្ឋមន្ត្រី បានប្រាប់គណៈប្រតិភូថ៖ ក្រសួងកំពុងសិក្សាអំពីគោលនយោបាយនេះ និងចង់ឲ្យក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក អាចផ្តល់នូវគោលនយោបាយផ្សេងៗ នៅក្នុងតំបន់ ដើម្បីឱ្យកម្ពុជាអាចធ្វើការវាយតម្លៃបាន៕