(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអនុម័តថា វិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឡើងស្របនឹងរដ្ឋធម្មនុញ្ញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។

ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដោយមានកូរ៉ុម ៧រូប ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត។

ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអនុម័តទាំងស្រុង លើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ខណៈវិសោធនកម្មច្បាប់បោះឆ្នោតនេះ ត្រូវបានរដ្ឋសភា កាលពីថ្ងៃទី២៣ មិថុនាឆ្នាំ២០២៣។ តាមខ្លឹមសារ គឺសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី នឹងធ្វើវិសោធនកម្មចំនួន៨មាត្រា ដោយរាប់ចាប់តាំងពីការបោះឆ្នោតថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ។

សេចក្តីវិសោធនកម្មច្បាប់បោះឆ្នោត មានមាត្រាធំចំនួន៤ ដែលសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី បានធ្វើវិសោធនកម្មនៅពេលនេះ ដោយរាប់ចាប់តាំងការធ្វើវិសោធនកម្មការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ។

និយាយពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានការកែប្រែមាត្រាថ្មីចំនួន៣ គឺមាត្រា២៣ថ្មី មាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មី។
មាត្រា២៣ថ្មី គឺពលរដ្ឋខ្មែរដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ ត្រូវមានសញ្ជាតិជាខ្មែរពីកំណើត មានអាយុ២៥ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានលំនៅឋានក្នុងប្រទេសកម្ពុជា មានការតែងតាំងពីគណបក្សនយោបាយ ហើយអ្វីដែលចាំបាច់ទៀតនោះ គឺត្រូវអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសកលចំនួន២លើកចុងក្រោយ។

រីឯមាត្រា១៤២ថ្មី គឺចែងអំពីការផាកពិន័យចំនួន៥លានរៀលទៅ២០លានរៀល ចំពោះបុគ្គល ដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬបំផ្លាញដល់ការបោះឆ្នោតទាំងមូល និងធ្វើឲ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត។ សម្រាប់មាត្រានេះ បុគ្គលដែលបានប្រព្រឹត្តសកម្មភាពបែបនោះ នឹងត្រូវ គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬដកសិទ្ធិមិនឲ្យពលរដ្ឋបោះឆ្នោតឲ្យ យ៉ាងតិច៥ឆ្នាំ។ ចំណែកឯមាត្រា១៤៣ថ្មី វិញ គឺ ចែងអំពីការលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ និងត្រូវផាកពិន័យពី១០លានទៅ៣០លានរៀល ចំពោះសកម្មភាពទាំងឡាយដែលរារាំងដល់ដំណើរការបោះឆ្នោត ដូចមានចែងក្នុងមាត្រា១៤២ថ្មី។ ម្យ៉ាងវិញទៀត គណបក្សនយោបាយដែលប្រព្រឹត្តសកម្មភាពបែបនោះ ក៏នឹងត្រូវដកសិទ្ធិចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំនួន៥ឆ្នាំយ៉ាងតិចដូចគ្នា។

រីឯការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏មានខ្លឹមសារមិនខុសអ្វីជាណាស់ណាពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនោះដែរ។ ដោយមាត្រាថ្មីទាំង៣ គឺមាត្រា៣៥ថ្មី មាត្រា១៧១ថ្មី និងមាត្រា១៧២ថ្មី បានចែងដូចគ្នាស្ទើរទាំងស្រុងទៅនឹងមាត្រា២៣ថ្មី មាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មី ដែលស្តីអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ រាប់ចាប់តាំងពីសកម្មភាព និងការផាកពិន័យជាទឹកប្រាក់។ អ្វីដែលកត់សម្គាល់ សម្រាប់មាត្រា២៣ថ្មី នៅក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺបានតម្រូវឲ្យអ្នកដែលចង់ឈរឈ្មោះ ត្រូវចូលរួមបោះឆ្នោតជាសកលលើកចុងក្រោយ។

ការធ្វើវិសោធនកម្មការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា វិញ គឺសេចក្តីព្រាងបានធ្វើវិសោធនកម្មមាត្រា១៣ថ្មី ដោយរួមបញ្ចូលមាត្រា២៣ថ្មី និងមាត្រាពាក់ព័ន្ធនៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវយកមកអនុវត្តសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

រីឯការធ្វើវិសោធកម្មទី៤ ទៅលើច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត វិញ គឺចែងអំពីមាត្រា១៥ថ្មី ដែលតម្រូវឲ្យពលរដ្ឋចូលរួមការបោះឆ្នោតជាសកលលើកចុងក្រោយ ប្រសិនបើមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា៕