(ភ្នំពេញ)៖ វេទិកាសន្តិភាពកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីអំពាវនាវ ដល់បងប្អូនជនរួមជាតិ ឱ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងរួមគ្នាបោះឆ្នោតក្នុងសំឡេងតែមួយគឺ «បោះឆ្នោតដើម្បីសន្តិភាព»។
វេទិកាសន្តិភាពកម្ពុជា ដែលមានបេសកកម្មផ្សព្វផ្សាយអំពី ប្រវត្តិកសាងសន្តិភាព គុណតម្លៃនៃសន្តិភាព និងកាតព្វកិច្ចការពារសន្តិភាព ហើយដែលកំពុងបន្តរៀបចំ វេទិកាសាធារណៈក្រោមប្រធានបទ «បោះឆ្នោត ដើម្បីសន្តិភាព» ក៏សូមធ្វើការអំពាវនាវដល់៖
*ទី១៖ ប្រជាពលរដ្ឋខ្មែរទាំង ២ភេទ និងយុវជនខ្មែរទាំងអស់ដែលមានអាយុគ្រប់ ១៨ឆ្នាំ ដែលបានចុះឈ្មោះបោះ ឆ្នោតរួចហើយទាំងអស់គ្នា សូមចេញទៅបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះឲ្យបាន គ្រប់ៗគ្នា កុំបីខកខាន។
*ទី២៖ បងប្អូន ប្រជាពលរដ្ឋខ្មែរ និងយុវជនគ្រប់អាយុ១៨ឆ្នាំទាំងអស់ សូមអញ្ជើញចេញទៅបោះឆ្នោតក្នុង សំឡេងតែមួយគឺ «បោះឆ្នោតដើម្បីសន្តិភាព» ដោយប្រើសន្លឹកឆ្នោតរបស់បងប្អូន ឲ្យមានតម្លៃជាសន្លឹកឆ្នោត «ការពារសន្តិភាព»។
*ទី៣៖ ការបោះឆ្នោតជាសិទ្ធិរបស់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសប្រជាធិបតេយ្យដែលបងប្អូន ត្រូវអនុវត្តសិទ្ធិនេះរៀងរាល់ ៥ឆ្នាំម្តងៗ ដូចនេះដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិយើង សូមបងប្អូន កុំចាញ់ បោក ចាញ់កល ពួកក្រុមនយោបាយបំពុលសង្គម កុំឲ្យគេអូសទាញបងប្អូន ឲ្យខកខានអនុវត្តនូវសិទ្ធិបោះ ឆ្នោត ដែលជាសិទ្ធិដ៏មានសារៈសំខាន់នេះឲ្យសោះ។
វេទិកាសន្តិភាពកម្ពុជា តាមរយៈសកម្មភាព វេទិកាសាធារណៈដែលផ្សព្វផ្សាយអំពីប្រធានបទ «បោះឆ្នោតដើម្បីសន្តិភាព» និងសកម្មភាពបេសកកម្មរបស់ខ្លួន យើងសង្ឃឹមថា បងប្អូន ប្រជាពលរដ្ឋខ្មែរ និង យុវជនខ្មែរដែលមានអាយុគ្រប់ ១៨ឆ្នាំ នឹងអញ្ជើញចេញទៅបោះឆ្នោតគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិជាពលរដ្ឋ របស់ខ្លួន នៅក្នុងសង្គមប្រជាធិបតេយ្យ ដោយមិនមានការអាក់ខានឡើយ៕