(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារតំបន់៥ នៃប្រទេសណូវ៉ែលហ្សេឡង់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រារព្ធពិធីអបអរសាទរខួបទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ជាមួយបងប្អូនគណៈកម្មការសាខាបក្សប្រចាំហាមីលតុន នៃប្រទេសណូវែលហ្សេឡង់។
ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាលោកបណ្ឌិត កៅ ថាច បានជម្រាបជូនបងប្អូនសមាជិក សមាជិកានូវព្រឹត្តិការណ៍ថ្មីៗ និងការអភិវឌ្ឍរបស់ប្រទេស ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើប្រទេសជាតិ មានការរីកចម្រើន ព្រមទាំងគ្រប់គ្រងកូវីដ-១៩ បានល្អប្រសើរ និងម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានជោគជ័យ លើកតម្កើនកត្ដិនាមជាតិ និងអន្ដរជាតិ។
ក្នុងឱកាសនោះ សមាជិក-សមាជិកា ដែលចូលរួមក្នុងកម្មវិធីនេះ ក៏បានលើកឡើងអំពីការប្ដេជ្ញាចិត្ដ និងប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រី អាណត្ដិទី៧ និងប្រកាសគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត។
ក្នុងពិធីនេះ មានការចូលរួមពីលោក តឹង ឃាង ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំទីក្រុងហាមីលតុន និងលោកបណ្ឌិត គឹម សន្ដិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ដ្រាលី និងនូវ៉ែលហ្សេឡង់, លោក ជីនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ដ្រាលី និងនូវ៉ែលហ្សេឡង់ និងប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះផងដែរ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងយុវជនគណបក្សប្រជាជនកម្ពុជា រស់នៅក្រុងហាមីលតុន ប្រទេសញ៉ូហ្សឺឡែន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍៕