(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង នៅរសៀលថ្ងៃអាទិត្យ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
នាឱកាសនោះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកឯកភ្នំ សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ភូមិ និងឃុំទូទាំងស្រុកឯកភ្នំដែលមានភក្ដីភាព ជឿជាក់ និងគាំទ្រដោយឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា ហើយបានអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិក។
សម្ដេចក៏បានអំពាវនាវសមាជិក សមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង សុីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ៕