(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ លោក សេរី កុសល តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ តំណាងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះជួយស្រុកភ្នំស្រុក បានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនោះក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រធានគណៈពង្រឹកថ្នាក់ខេត្តចុះជួយស្រុកភ្នំស្រុក, លោក ឃ្លោក ណួយ អភិបាលរងខេត្តបន្ទាយមានជ័យ, លោក ជិន អាន មេបញ្ជាការផ្នែកសិករងបន្ទាយមានជ័យ, នាយឧត្តមសេនីយ៍ ខាន់ សាវឿន, លោក ញ៉េប ប៊ុនជិន, លោក ថាច់ សាង, លោក វណ្ណ សុផាន់ណា, លោក ឈឹម សាខន រួមទាំងក្រុមការងារថ្នាក់ជាតិ ដែលមានរដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ បានចុះបើកយុទ្ធនាការនៅស្រុកភ្នំស្រុក ដោយមានការចូលរួមពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង ៣០០០នាក់។

យុទ្ធនាការឃោសនាបោះឆ្នោតនេះ មានការដង្ហែក្បួនប្រកបដោយភាពចាស់ទុំ និងគោរពទៅតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្នុងការដង្ហែក្បូននោះមាន​រថយន្ត គោយន្ត ម៉ូតូ រាប់រយគ្រឿង ដោយដង្ហែតាមឃុំនានានៃស្រុកភ្នំស្រុក។

ក្នុងការដង្ហែនោះ ក្បួនដង្ហែទទួលបានការស្វាគមន៍ ពីបងប្អូនប្រជាពលរដ្ឋនៅតាមផ្ទះ ដោយបានលើកដីស្វាគមន៍ពេលក្បូនដង្ហែទៅដល់។ ក្បូនដង្ហែបានបញ្ចប់នៅម៉ោង៤រសៀល តាមការកំណត់របស់ គ.ជ.ប ដោយមានការហូបអាហារជានំបញ្ចុក នំប័ង្គ ការ៉េមកី ឪឡិក និងគ្រឿងហូបចុកផ្សេងៗ ប្រកបដោយភាពរីករាយ។

ការដង្ហែក្បូបឃោសនាបោះឆ្នោតនេះ បង្ហាញនូវសក្តានុពលរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសមត្ថភាព និងលទ្ធភាព អាចដណ្តើមយកជ័យជម្នះ និងអាចបន្តបាននូវគោលនយោបាយ របស់គណបក្សដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា។

ក្នុងការដេង្ហែក្បូននោះ ក៏មានការរាំកម្សាន្តប្រកបដោយសប្បាយរីករាយ និងមិនមានបាតុភូតណាមួយ កើតឡើងនោះឡើយ ទោះបីការដង្ហែក្បូនមានភាពគគ្រឹកគគ្រែងយ៉ាងណាក្តី។

តាមការគ្រោងទុក ក្រុមការងារនឹងបន្តដង្ហែក្បូនឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ តាមកម្មវិធីរបស់ គ.ជ.ប ដែលគណបក្សស្រុកបានស្នើសុំរួចរាល់ហើយ៕