(តាកែវ)៖ លោក សុខ សូកាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តតាកែវ។

ពិធីនេះត្រូវបានប្រារព្ធរៀបចំនៅបរិវេណសួនវប្បធម៌សម្តេចវិបុលបញ្ញា សុខ អាន គិរីវង់ ស្ថិតនៅក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ  និងស្ថិតក្រោម អធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្តាល គណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ។

ពិធីនេះមានការចូលរួមពីសំណាក់បេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំងលោក លោកស្រីជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ប្រធាន សហប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ស្រុកក្រុង និងគ្រប់ឃុំសង្កាត់ និងព្រះសង្ឃ ព្រមទាំងសមាជិកសមាជិកាគណបក្សមកពីភូមិឃុំក្នុងស្រុកទាំង៤ (ស្រុកគិរីវង់ ស្រុកទ្រាំង ស្រុកកោះអណ្តែត និងស្រុកបូរីជលសារ) សរុបអ្នកចូលរួមទាំងអស់មានប្រមាណចំនួន ២៧០០នាក់។

បន្ទាប់ពីអង្គពិធីទាំងមូលបានទស្សនានិងស្តាប់ការផ្សាយបន្តផ្ទាល់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានប្រកាសបើកនិងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តតាកែវ ចំណែកប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន នៃស្រុកទាំង៤ ក៏បានបន្តដឹកនាំក្បួនឃោសនារបស់ខ្លួនចុះទៅមូលដ្ឋាន ស្រុករៀងៗខ្លួន។

លោក សុខ សូកាន បានបន្តដឹកនាំក្បួនយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជាស្រុកគីរីវង់ ដែលមានការចូលរួមពី សំណាក់ ពីក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ ព្រមទាំងសមាជិក សមាជិកាគណបក្សស្រុក និងគណបក្សឃុំទាំង១២ ដើម្បីឃោសនារក សំឡេងឆ្នោត ទៅតាមមូលដ្ឋានភូមិ ឃុំ នៅស្រុកគិរីវង់ តាមតម្រាយ ផ្លូវដែលបានកំណត់។ គួររំលឹកផងដែរថា នៅតាមស្នាក់ការបក្សឃុំ-ភូមិទូទាំងស្រុកគិរីវង់ ក៏មានការស្តាប់សេចក្តីថ្លែងសាររបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងរៀបចំក្បួនបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់ក្រុមការងារគណបក្សនៅតាមមូលដ្ឋានឃុំទាំង១២ នៃស្រុកគិរីវង់ ដែលក្នុងនោះមានអ្នកចូលរួមដង្ហែក្បួនសរុបប្រមាណជាង ៥០០០នាក់។
ការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់នៅតែបន្តយ៉ាងគគ្រឹកគគ្រេង និងស្ថិតក្រោមបរិយាកាស សប្បាយរីករាយ ដោយទទួលការស្វាគមន៍អបអរសាទរយ៉ាងកក់ក្ដៅ និងការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់ប្រជាជននៅគ្រប់ភូមិ និងតាមខ្នងផ្ទះយ៉ាងច្រើនកុះករ ដែលបង្ហាញពីទឹកចិត្តស្រលាញ់គាំទ្រ យ៉ាងធំធេងរបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល ២១ថ្ងៃនេះ នៅខេត្តតាកែវបានចាត់តាំងក្បួនយុទ្ធនាការ ឃោសនាបោះឆ្នោតចំនួន ៤លើក ក្នុងនោះ៖

*លើកទី១ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលមានស្រុកចំនួន៤ គឺស្រុកកោះអណ្តែត ស្រុកបូរីជលសារ ស្រុកទ្រាំង និងស្រុកគិរីវង់
*លើកទី២ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ មានស្រុកចំនួន ២ចូលរួម គឺស្រុកត្រាំកក់ និងក្រុងដូនកែវ
*លើកទី៣ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ មានស្រុកចំនួន ២ចូលរួម គឺស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី
*លើកទី៤ គឺជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ មានស្រុកចំនួន ២ចូលរួម គឺស្រុកសំរោង និងស្រុកបាទី៕